(ប៉ៃលិន)៖ ​លោក អ៉ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី បាន មុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន រួមនិង សមាជិក សមាជិកាគណៈកម្មាធិកាសាខា បានចុះពិនិត្យ និងជួយផ្ទាល់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦  ចំនួន០៦ ភូមិ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងឱកាសចុះពិនិត្យនោះដែរ លោក អ៉ី ឈាន បានសម្តែងនូវការសោកស្តាយចំពោះការបាត់បង នូវទ្រព្យសម្បត្តិ និងការខូចខាតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានទទួលរងគ្រោះ ដោយខ្យល់កន្រ្តាក់នាពេលនេះ។ លោក អ៉ី ឈាន សូមចូលរួមរំលែកទុក្ខលំបាកនេះ ដោយបាននាំយកនូវអំណោយសង្រ្គោះបន្ទាន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត មកផ្តល់ជូនដោយក្នុង មួយគ្រួសារៗទទួលបាន គ្រឿងឧបភោគ បរិភោមួយចំនួន ឃីតមួយ មាន ភួយ១ សារ៉ុង១ ក្រម៉ា១ មុងជ្រលក់ថ្នាំ ១ និងទឹកសុទ្ធដបធំ ១យួរ និងថវិកា ៥០,០០០រៀលចំពោះគ្រួសាររងគ្រោះធ្ងន់ ធ្ងរចំនួន ១៨គ្រួសារ ទទួលបានបន្ថែមនូវ តង់ម្នាក់មួយ ហើយក្រុមការងារបានជួយប្រក់តង់បណ្តោះអាសន្នជូនដល់ផ្ទះដែលរងគ្រោះធ្ងន់ធ្ងរប៉ើងដំបូលទាំងស្រុង ផងដែរ ។

ក្រៅពីនោះ លោក អ៉ីឈាន សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទូទាំងខេត្តប៉ៃលិន ការរស់នៅត្រូវមានអនាម័យល្អ និងមានការប្រុងប្រយ័ត្នខ្ពស់ពីសុខសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដើម្បីគេចផុតពីជម្ងឺដង្កាត់ផ្សេងៗ និងគ្រោះថ្នាក់ដែលបង្ករឡើងដោយគ្រោះធម្មជាតិ ជាយថាហេតុ ។

គួរបញ្ជាក់ថា កាលពីល្ងាច ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ មានខ្យល់កន្រ្តាក់យ៉ាងខ្លាំង កើតឡើង នៅក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្នុងហេតុការណ៍នេះ បង្កឡើងធ្វើឲ្យប៉ះ ពាល់ ផ្ទះប្រជាពលរដ្ឋជាបឋមចំនួន ៨៣ខ្នងផ្ទះ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរចំនួន១៨ខ្នងផ្ទះ ដោយមិនបង្កឲ្យប្រជាពលរដ្ឋណាម្នាក់រងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ៕