(ភ្នំពេញ)៖ តបតាមសេចក្តីអំពាវនាវរបស់ក្រសួងអប់រំ យុវជន និងកីឡា លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអតីតជ័យលាភីសិស្សពូកែលេខ១ ទូទាំងប្រទេស ទាំងផ្នែកគណិតវិទ្យា និងអក្សរសិល្បរ៍ខ្មែរឆ្នាំសិក្សា១៩៨១-១៩៨២ បានឧបត្ថម្ភថវិកាចំនួន៦០លានរៀលជូនក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចែកជូនដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្បរ៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ទាំងពីរកម្រិតសិក្សាពីចំណាត់ថ្នាក់លេខ១ ដល់លេខ១០ សរុបចំនួន៦០នាក់ ដោយក្នុងនោះ ជ័យលាភីម្នាក់ៗ ទទួលបានថវិកាឧបត្ថម្ភ នេះចំនួន១លានរៀល ស្មើៗគ្នា។

ការជួយឧបត្ថម្ភនេះ គឺដើម្បីចូលរួមចំណែកលើកកម្ពស់អប់រំនៅកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា បានដំណើការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្បរ៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦ នៅវិទ្យាល័យ១០ មករា ខេត្តសៀមរាប។ តាមកម្មវិធី លោកបណ្ឌិត ហង់ ជួន ណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើពិធីចែករង្វាន់ដល់ជ័យលាភីសិស្សពូកែទាំងអស់នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ស្អែកនេះ នៅវិទ្យាល័យ ១០ មករា ខេត្តសៀមរាប៕