(ភ្នំពេញ)៖ ជម្លោះរវាងក្រុមប្រជាពលរដ្ឋជាង១០គ្រួសារ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ដែលបានអូសបន្លាយអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ មិនទាន់ត្រូវបានអាជ្ញាធរខណ្ឌ និងមន្រ្តីពាក់ព័ន្ធជួយដោះស្រាយចេញនៅឡើយទេ គ្រាន់តែទំហំដីប្រមាណ២ទៅ៣ម៉ែត្រប៉ុណ្ណោះ រហូតនាំឲ្យ ប្រជាពលរដ្ឋ បានប្តឹងទៅតុលាការទៀតផង។

ជម្លោះខាងលើនេះ បានកើតឡើងដោយសារតែ ក្រុមប្រជាពលរដ្ឋទាំងនោះ បានចោទទៅភាគីម្ចាស់រោងម៉ាស៊ីនកិនស្រូវថា បានសង់រំលោភផ្លូវចូលទៅកាន់ផ្ទះរបស់ពួកគាត់ ដែលធ្វើឲ្យផ្លូវរួមតូច។ បញ្ហានេះពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលមានគ្រោះអគ្គិភ័យកើតឡើង ពេលនោះរថយន្តពន្លត់អគ្គិភ័យ មិនអាចបើកចូលបានឡើយ។

ប្រជាពលរដ្ឋបានអះអាងថា បើសិនអាជ្ញាធរខណ្ឌ នៅតែមិនអាចដោះស្រាយករណីនេះ បាននោះពួកគាត់ នឹងធ្វើការតវ៉ាមួយ ទៅកាន់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋបានអះអាងថា ផ្លូវខាងលើនេះ មានទំហំទទឹង៥ទៅ៦ម៉ែត្រ ប្រវែងប្រហែល៧០ម៉ែត្រ ចូលទៅលំនៅដ្ឋានពួកគាត់ ប៉ុន្តែខាងម្ចាស់រោងម៉ាស៊ីនកិនស្រូវបានសង់រំលោភ នៅសល់តែ២ម៉ែត្រកន្លះតែប៉ុណ្ណោះ ហើយពួកគាត់បានបង្ហាញពីក្តីកង្វល់យ៉ាងខ្លាំង ពីព្រោះខ្លាងមានគ្រោះអគ្គិភ័យកើតឡើង។

ប្រជាពលរដ្ឋបាននិយាយថា «បើសិនជាមានករណីអគ្គិភ័យកើតមានឡើងនោះ រថយន្តពន្លត់អគ្គិភ័យ មិនអាចបើកចូលទៅសង្រ្គោះបាននោះទេ ដោយសារតែផ្លូវមានទំហំតូចពេក»។ នៅពេលម្ចាស់រោងម៉ាស៊ីនកិនស្រូវ បានសង់រំលោភផ្លូវនោះ ប្រជាពលរដ្ឋជាង១០គ្រួសារ បានរាយការណ៍ទៅកាន់អាជ្ញាធរមូលភូមិ-សង្កាត់-ខណ្ឌភ្លាមៗនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤។

ក្រោយទទួលបានព័ត៌មាន និងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាង១០គ្រួសារនោះ លោក សេង គន្ធ អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញមួយក្រុម បានចុះទៅសួរនាំ និងផ្អាកការសាងសង់ជាបណ្តោះអាសន្ន ប៉ុន្តែក្រោយអាជ្ញាធរខណ្ឌបានត្រឡប់ទៅវិញ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ នៅតែលួចសាងសង់ដដែល។ នៅពេលដែលកំពុងលួចសង់នោះ ប្រជាពលរដ្ឋ ក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានបន្តទៀតហើយនៅថ្ងៃទី០៤ ខែកុម្ភៈ២០១៥ លោក សេង គន្ធ ក៏បានអញ្ជើញប្រជាពលរដ្ឋ ដែលជាដើមបណ្តឹង និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឲ្យមកសាលាខណ្ឌដើម្បីបង្ហាញឯកសារពាក់ព័ន្ធ តែបើមិនមាននោះទេ នឹងឲ្យផ្អាកសាងសង់។

ប្រជាពលរដ្ឋបានបន្តទៀតថា បើទោះបីជាខាងអាជ្ញាធរ បានហៅទៅដោះស្រាយគ្នាក៏ដោយនោះ តែម្ចាស់រោងម៉ាស៊ីនកិនស្រូវ នៅតែលួចសង់បន្តរហូតអភិបាលខណ្ឌ បញ្ជាកម្លាំងចុះឃាត់បន្តទៀត និងចាប់យប់សម្ភារទាំងនោះមករក្សាទុក។ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ លោក សេង គន្ធ លោក ញ៉ែម សារ៉ាឌី អនុប្រធានភូមិបាលខណ្ឌ លោក កង រ៉ុម ចៅសង្កាត់ភ្លើងឆេះរទេះ និងលោក ម៉ែន សុធា មន្រ្តីភូមិបាល បានអញ្ជើញភាគីទំនាស់ទាំងសងខាង មកសាលាសង្កាត់ ធ្វើការសាកសួរប៉ុន្តែមិនបានបញ្ចប់នោះទេ ពីព្រោះតែម្ចាស់រោងម៉ាស៊ីនកិនស្រូវ នៅតែបន្តលួចសង់ដោយមិនគោរព តាមការហាមឃាត់របស់អាជ្ញាធរនោះឡើយ។

រហូតមកដល់ថ្ងែទី១១ ខែខែមេសា ឆ្នាំ២០១៦ លោក កែវ សុភា អភិបាលរងខណ្ឌបានដឹកនាំ គណៈកម្មការចម្រុះចុះធ្វើកំណត់ហេតុ ផ្អាកការសាងសង់សំណង់មួយនេះ ប៉ុន្តែរំលងបាន២ថ្ងៃប៉ុណ្ណោះនៅតែបន្តលួចសាងសង់ដដែល។ ឆ្លើយតបនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ បានអះអាងថា ផ្លូវដែលប្រជាពលរដ្ឋបានចោទនោះ គឺគាត់បានសង់នៅក្នុងរបងរបស់គាត់តែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា «ផ្លូវនេះមានទំហំតែ២ម៉ែត្រតែប៉ុណ្ណោះ តែផ្លូវនេះពីមុនមិនមែនជាផ្លូវទេ គ្រាន់តែជាច្រកចេញចូល ហើយការសាងសង់ទៀតសោត បានធ្វើឡើងតាំងពីឆ្នាំ២០០០មកម៉្លេះ មុនប្រជាពលរដ្ឋមករស់ទៅទៀត»

លោកបានឲ្យដឹងទៀតថា បញ្ហាមួយនេះមិនមែនមានរឿងត្រឹមលោកនោះទេ គឺតាំងពីម្ចាស់មុនៗ ក៏មានទំនាស់រឿងផ្លូវមួយនេះដែរ ដោយមានការសម្របសម្រួលពីអាជ្ញាធរភូមិសង្កាត់ ទើបផ្លូវនេះមានទទឹង២ម៉ែត្រកន្លះ មកទល់សព្វថ្ងៃ។ លោក កែវ សុភា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា «បញ្ហារឿងមួយនេះ ខ្ញុំបានសម្របសម្រួលភាគីទាំងសងខាង តែដោយភាគីទាំងសងខាងមិនឯកភាពគ្នា និងរហូតប្តឹងផ្តល់ទៅតុលាការទៀតផង»