(ភ្នំពេញ)៖ រដ្ឋមន្រ្តីទេសចរណ៍ លោក ថោង ខុន បានអះអាងថា ការផ្តល់ទិដ្ឋការច្រើនដង រយៈពេល៣ឆ្នាំដល់ ជនជាតិចិន ជប៉ុន និងកូរ៉េ នាពេលនេះ នឹងធ្វើឱ្យពួកគេកាន់តែចាប់អារម្មណ៍ ហើយឈានដល់ការទាក់ទាញភ្ញៀវទេសចរដទៃ មកប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត។

នាថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពសម្រេចតាមសំណើ របស់គណៈកម្មការអន្តរក្រសួង ដោយអនុញ្ញាតឱ្យមានការផ្តល់ទិដ្ឋាការ ប្រភេទទេសចរច្រើនដង ដល់ភ្ញៀវទេសចរ ចិន-កូរ៉េ ហើយទិដ្ឋាការនេះ មានសុពលភាពរយៈពេល៣ឆ្នាំ។ ក្រៅពីនោះរាជរដ្ឋាភិបាលកម្ពុជា ក៏ផ្តល់ទិដ្ឋាការបែបនេះ ជូនភ្ញៀវទេសចរជប៉ុនផងដែរ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការជំរុញអនុវត្តការផ្ដល់ទិដ្ឋាការ 3 Year Multiple Visa ជូនភ្ញៀវទេសចរ ចិននិងកូរ៉េ នៅទីស្តីការក្រសួងទេសចរណ៍ ម្សិលមិញនេះ លោក ថោង ខុន បានបញ្ជាក់ថា ការកែប្រែរបៀបនេះ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា ចង់លើកទឹកចិត្តបន្ថែមដល់ ភ្ញៀវទេសចរ និងសម្រួលដល់ការធ្វើដំណើររបស់ពួកគេ កាន់តែងាយស្រួលថែមទៀត។ លោកថា «អាហ្នឹងយើងធ្វើដើម្បីភ្ញៀវទេសចរ ដែលបង្ហាញអំពីការយកចិត្តទុកដាក់ចំពោះភ្ញៀវបរទេស ជាការលើកទឹកចិត្តចំពោះភ្ញៀវ លើកទឹកចិត្តចំពោះអ្នកវិនិយោគ ធ្វើយ៉ាងម៉េចឱ្យស្រួលក្នុងការធ្វើដំណើរ»

លោក ថោង ខុន បានបន្ថែមថា ទោះជាយ៉ាងណា ជនជាតិជប៉ុន កូរ៉េ និងចិន ដែលធ្វើទិដ្ឋាការម្តងៗ រយៈពេល៣ឆ្នាំ ប៉ុន្តែពួកគេអាចស្នាក់នៅកម្ពុជា នៅពេលមកកម្សាន្តម្តងបានត្រឹម៣០ថ្ងៃប៉ុណ្ណោះ ប៉ុន្តែគេអាចមកច្រើនដង ដោយមិនមានការព្រួយបារម្ភ៕