(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យ និងសម្រេចលើទិន្នន័យដែលមាននៅក្នុងសៀវភៅមគ្គុទេសក៏វិនិយោគ សម្រាប់ខេត្តបាត់ដំបង រវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងរដ្ឋបាលខេត្តបាត់ដំបង។

ពិធីនេះមានការអញ្ជើញចូលរួមដោយលោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីជាប្រធាន និងអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តលោក លោកស្រីមកពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអ្នកពាក់ព័ន្ធមួយចំនួន។

លោក សុខ លូ បានថ្លែងថា រដ្ឋបាលខេត្តបាត់ដំបង នឹងចូលរួមសហការ ក្នុងការផ្ដល់ជាព័ត៌មានផ្សេងៗទាក់ទងទៅនឹងសក្ដានុពលរបស់ខេត្ត ផែនការវិនិយោគរបស់ខេត្ត និងកិច្ចការមួយចំនួនទៀតជាមួយសមាគមសហគ្រិនវ័យ ក្មេងកម្ពុជា ក្នុងការតាក់តែងសៀវភៅមគ្គុទេសក៏វិនិយោគនេះមកចេញជាសមិទ្ធផលមួយ ដើម្បីឱ្យវិនិយោគិនអាចយកទៅអាន និងយល់ច្បាស់អំពីសក្ដានុពលរបស់ខេត្តមុននឹងធ្វើការវិនិយោគក្នុងខេត្តបាត់ដំបង ដើម្បីជំរុញឱ្យ មានការទាក់ទាញដល់វិនិយោគិនជាតិ អន្តរជាតិដែលមានបំណងចង់សិក្សាអំពីភូមិសាស្រ្ដខេត្តបាត់ដំបង និងដើម្បីងាយស្រួលដល់វិនិយោគិនមុននឹងធ្វើការវិនិយោគក្នុងខេត្តឱ្យបានត្រូវគោលដៅ និងតម្រូវការរបស់ប្រជាពលរដ្ឋ តទៅអនាគត៕