(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសហការគ្នាជាមួយស្ថានីយប្រេងឥន្ធនៈភីធីធី បើកទីផ្សារបន្ថែមដល់ផលិតផលខ្មែរ តាមរយៈការអនុញ្ញាតឱ្យផលិតករ ម្ចាស់សិប្បកម្ម កសិករ និងសហគមន៍ អាចដាក់លក់ផលិតផលខ្មែរ ជាគ្រឿងបរិភោគ គ្រឿងសំអាង បន្លែ ផ្លែឈើ និងផលិតផលផ្សេងទៀត នៅតាមស្ថានីយប្រេងឥន្ធនៈភីធីធី ដោយឥតគិតថ្លៃ ដើម្បីបង្កើនការលក់ផលិតផលខ្មែរ ឱ្យបានកាន់តែទូលំទូលាយជាងមុន។

តាមរយៈការអនុញ្ញាត និងផ្តល់ស្តង់សម្រាប់តាំងបង្ហាញ និងដាក់លក់ផលិតខ្មែរដោយឥតគិតថ្លៃ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី នៅទូទាំងប្រទេស នឹងជំរុញដល់ការប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើនការកសាងសមត្ថភាពសហគ្រិន ក៏ដូចជាបង្កើតឱកាសធុរកិច្ច សម្រាប់ចូលរួមអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងលើកស្ទួយសេដ្ឋកិច្ច-សង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន ដែលជាការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងអភិវឌ្ឍវិស័យសេដ្ឋកិច្ច ជាពិសេសជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ឱ្យកាន់តែទូលំទូលាយក្នុងស្រទាប់មហាជន ព្រមទាំងជំរុញឱ្យមានទីផ្សារ សម្បូរបែបសម្រាប់ផលិតផលក្នុងស្រុក។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងថា ផលិតផលខ្មែរដែលផលិតករ សិប្បកម្មករ កសិករ និងសហគមន៍ បានយកមកដាក់លក់នេះ សុទ្ធតែមានគុណភាព មានការវេចខ្ចប់ត្រឹមត្រូវ មិនចាញ់ផលិតផលបរទេសនោះទេ ដែលសបញ្ជាក់ថា ផលិតករខ្មែរ យល់ដឹងច្រើនអំពីការជំរុញគុណភាពផលិតផល និងយកចិត្តទុកដាក់លើភូតគាមអនាម័យ និងការកែច្នៃវេចខ្ចប់។ ការណ៍នេះនឹងជួយឱ្យផលិតផលខ្មែរ ទទួលបាននូវតម្លៃបន្ថែម ព្រមទាំងបង្កើតការងារបន្ថែម ដល់ពលរដ្ឋខ្មែរផងដែរ។

លោករដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមថា «លក្ខខណ្ឌ គឺយើងត្រូវតែមានគុណភាព ហើយមានភាពប្រកួតប្រជែងនៅលើទីផ្សារ យើងឃើញហើយ ជួនកាលកន្លែងខ្លះ ខ្ញុំចង់ច្រឡំថារបស់អន្តរជាតិទៀត ប៉ុន្តែមិនមែនទេជារបស់ខ្មែរសុទ្ធសាធ។ នេះហើយយើងចង់បានឱ្យបងប្អូន មានភាពជាគំរូបានទៅថ្ងៃក្រោយ»

លោក Nuttapong Kaewtrakulpong អគ្គនាយកក្រុមហ៊ុនភីធីធី បានលើកឡើងថា ក្នុងជំហានដំបូងនេះស្ថានីយប្រេងឥន្ធនៈភីធីធី នឹងអនុញ្ញាតឱ្យមានការដាក់លក់ផលិតផលខ្មែរចំនួន៧ទីតាំងសាកល្បងសិន ហើយជំហានបន្ទាប់ពង្រីកតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធីមួយចំនួនទៀត។ លោកថា ការអនុញ្ញាតឱ្យមានការដាក់លក់ផលិតផលខ្មែរ នៅតាមស្ថានីយប្រេងឥន្ធនៈភីធីធី នេះ នឹងការជួយដល់កសិករកម្ពុជា បានមួយចំនួនធំ។

លោកសង្កេតឃើញថា ផលិតផលខ្មែរដែលបានយកមកលក់នៅទីនេះ សុទ្ធជាផលិតផលមានគុណភាពល្អ និងមានការវេចខ្ចប់យ៉ាងស្អាត។ 

សូមជម្រាបថា ក្នុងជំហានទី១ ក្នុងត្រីមាសទី១ ស្ថានីយប្រេងឥន្ធនៈភីធីធី អនុញ្ញាតឱ្យដាក់លក់តាមបណ្តារាជធានី-ខេត្តចំនួន ០៥ ចាប់ពីចុងខែមករា ឆ្នាំ២០២២នេះតទៅ ដែលទីតាំងទាំងនោះរួមមាន៖ រាជធានីភ្នំពេញ ចំនួន២ទីតាំងគឺ ច្បារអំពៅ និងព្រែកព្នៅ នៅខេត្តសៀមរាប, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម និងខេត្តតាកែវ។ ចំណែកជំហានទី២ នៅត្រីមាសទី២ នឹងពង្រីកការដាក់លក់នៅតាមស្ថានីយស្ថិតនៅតាមផ្លូវជាលេខ២ លេខ៣ និងលេខ៤ និងជំហានទី៣ នឹងបើកលក់នៅតាមបណ្តោយជាតិលេខ៦ និងជំហានទី៤ នៅត្រីមាសទី៤ នឹងមានការបើកលក់នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈ តាមផ្លូវជាតិលេខ៥។

ក្រសួងពាណិជ្ជកម្ម នឹងប្រមូលកៀរគរកសិករ ផលិតករ សិប្បករ សហគមន៍ និងសមាគមកម្ពុជា ដើម្បីយកផលិតផលខ្មែរតាមតំបន់មកតាំងបង្ហាញ និងផ្សព្វផ្សាយលក់នៅក្នុងស្ថានីយប្រេងឥន្ធនៈភីធីធី៕