(ព្រៃវែង)៖ អ្នកឧកញ៉ា លី សាម៉េត តំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ បានបន្ដអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា មកពីបណ្តាគណបក្សនយោបាយ ក្នុងខេត្តព្រៃវែង ចំនួន១,០០៨នាក់ នៅស្រុកមេសាង ស្រុកពាជរ បានស្ម័គ្រចិត្តចូលរួបរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយក្តីរំពឹងបានរួមចំណែកកសាងសង្គមកម្ពុជា ឲ្យកាន់តែប្រសើរក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក យូ សិរីវុឌ្ឍ ប្រធានក្រុមការងាររបស់អ្នកឧកញ៉ា លី សាម៉េត និងលោក ស្បោង សារ៉ាត សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង, ព្រមទាំងក្រុមការងារ និងសមាជិក សមាជិកា ដែលទើបប្រកាសចូលជាសមាជិកគណបក្សប្រជាជនថ្មី។

ជាកិច្ចស្វាគមន៍ លោក ស្បោង សារ៉ាត បានថ្លែងអំណរគុណចំពោះ ការអញ្ជើញចូលរួមរបស់សមាជិក សមាជិកាគណបក្សសង្គ្រោះជាតិ ដែលវិលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានាឱកាសនេះ។ លោកថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយដែលមានវ័យចំណាស់ខាង នយោបាយ និងមានបទពិសោធន៍ជាង៧០ឆ្នាំមកហើយ គឺមានគោលនយោបាយច្បាស់លាស់ ដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ។

លោកបញ្ជាក់ទៀតថា ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រៃវែង សូមអំពាវនាវដល់សមាជិក សមាជិកាថ្មីជាង១ពាន់នាក់ ខិតខំអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀត ដែលមិនទាន់បានដឹង មិនទាន់បានយល់ ចូលមករួមរស់នឹងកសាងប្រទេសជាតិទាំងអស់គ្នា ពិសេសនៅក្នុងមូលដ្ឋាន។ នាឱកាសនៅពេលខាងមុខនេះ យើងមានរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ សូមឲ្យសមាជិកថ្មីទាំងអស់ ទៅចូលរួមបោះឆ្នោតគាំទ្រ គណបក្សប្រជាជនឲ្យបានទាំងអស់គ្នា ដើម្បីក្រុមប្រឹក្សាឃុំសង្កាត់ ដែលតំណាងគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋាន។

អ្នកឧកញ៉ា លី សាម៉េត បានគូសបញ្ជាក់ក្នុងពិធីនោះថា ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលពួកគេធ្វើនយោបាយ ដើម្បីផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗ ជូនប្រជាពលរដ្ឋជានិច្ច។

អ្នកឧកញ៉ា បានបញ្ជាក់ទៀតថា «យើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មានការខកចិត្តម្ដងណាឡើយ»

អ្នកឧកញ៉ា លី សាម៉េត សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះបងប្អូន និងជំនួសមុខឲ្យសម្ដេចតេជោ ហ៊ុន សែន ដើម្បីថ្លែងអំណរអរគុណចំពោះបងប្អូនកូនក្មួយជាទីគោរពជាស្រលាញ់ស្រលាញ់ ដែលបានមករួមរស់ជាមួយគណបក្យប្រជាជនកម្ពុជា ហើយបានគូសរំលេចទៀតថា កន្លងទៅទោះបីក្រុមប្រឆាំងប្រឹងប្រែងបង្កភាពវឹកវរ និងចលាចលយ៉ាងណាក្តី តែភាពខ្លាំង នៃការដឹកនាំរបស់សម្តេចតេជោ បានបន្តកម្ចាយក្រុមទុច្ចរិតទាំងនោះ រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។

អ្នកឧកញ៉ា បានអំពាវនាវដល់សមាជិកបក្សទាំងចាស់ និងថ្មី ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាពឲ្យបានដាច់ខាត ដោយមិនត្រូវឲ្យជនអគតិណាមួយមកបំផ្លាញបានឡើយ។ អ្នកឧកញ៉ា ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមបន្តគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅគ្រប់អាណត្តិ និងសូមគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត និងសូមប្ដេជ្ញាគាំទ្រជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណត្តិទាំងអស់៕