(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ បានអញ្ជើញទៅជូនពរ លោក ផាក ហុងខ្យុង PARK Heung-kyeong ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង និងសហការីប្រចាំនៅកម្ពុជា ក្នុងឱកាសត្រៀមស្វាគមន៍ឆ្នាំថ្មី ដែលនឹងចូលមកដល់នៅថ្ងៃខាងមុខនេះ។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានសម្តែងនូវសេចក្តីអំណរសាទរ និងជូនពរឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង, អនុព័ន្ធយោធាព្រមទាំងសហការី និងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន សុភមង្គល និងសម្រេចជោគជ័យលើគ្រប់ការងារក្នុងឆ្នាំថ្មី ដែលរដ្ឋាភិបាលប្រគល់ឲ្យ។

ក្នុងកិច្ចឆ្លើយតប លោក ផាក ហុងខ្យុង PARK Heung-kyeong បានថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ មកជូនពរឆ្នាំថ្មីនាឱកាសនេះ ដោយលោកបានជឿជាក់ថា ទៅថ្ងៃអនាគតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េខាងត្បូងកាន់តែត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ៕