(ពោធិ៍សាត់)៖ កម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់លួង និងកម្លាំងផ្នែករដ្ឋបាលជលផលក្រគរ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសណ្តាន់ កម្លាំងយោធាខេត្ត និងមេភូមិចុងខ្លុង ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែកស្តីទី រដ្ឋបាលជលផលក្រគរ បានចុះឃាត់ខ្លួនជនសង្ស័យ០៣នាក់ ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង ឈូសឆាយដីព្រៃលិចទឹក តំបន់បី ក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រតិបត្តិការណ៍នេះ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ចំណុចភូមិចុងខ្លុង ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពពីមន្ត្រីជំនាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១៖ ឈ្មោះ សុខ ហារូន អាយុ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិចុងខ្លុង ឃុំអូរសណ្តាន់ ស្រុកក្រគរ, ទី២៖ ឈ្មោះ ធន ចន្ធី អាយុ៣៩ឆ្នាំ និងទី៣៖ ឈ្មោះ ធន រ៉ូ អាយុ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ចំពោះវត្ថុតាងរឹបអូសបាន រួមមាន ត្រាក់ទ័រម៉ាកគូប៊ូតា ០១គ្រឿង និងផ្ទៃដីព្រៃលិចទឹក ដែលឈូសឆាយ មានទំហំ៥ហិកតា។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានឃាត់ខ្លួន និងបានរៀបចំសំណុំរឿងបញ្ជូនបន្ត ចាត់ការតាមនីតិវិធី៕