(ភ្នំពេញ)៖ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌឫស្សីកែវ និងជាប្រធានស្ដីទី អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ បានបន្តផ្ដាំផ្ញើឱ្យបណ្ដាញសមាគមនារីសង្កាត់-ភូមិ និងមន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណាជួយសហការ និងរាយការណ៍ពីស្ថានភាពសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដែលកំពុងប្រឈមការខ្វះខាតក្នុងជីវភាពរស់នៅ ដើម្បីមានវិធានការជួយសង្គ្រោះតាមលទ្ធភាព និងទាន់ពេលវេលា ដោយមិនប្រកាន់វណ្ណៈ ពូជសាស ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ តាមការដឹកនាំចង្អុលបង្ហាញពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

លោកស្រី សួស សូលីដា បានផ្ដាំផ្ញើយ៉ាងដូច្នេះ ក្នុងពេលបន្តដឹកនាំក្រុមការងារបណ្ដាញនារីខណ្ឌ សហការជាមួយ បណ្ដាញសមាគមនារី សង្កាត់ច្រាំងចំរេះ១ និងភូមិ ក្នុងការនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីចុះសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភដល់ការជួយសម្រាលជីវភាពខ្វះខាតមួយចំនួនសម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិទាំង៤ នៃសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

គួររំលឹកថា សកម្មភាពសមធម៌នេះ បានធ្វើឡើងជាបន្តបន្ទាប់រយៈពេល៥ថ្ងៃ និង៥សង្កាត់ជាប់គ្នា ក្នុងចំណោមសង្កាត់ទាំង៧ នៅមុននិងក្រោយពីអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ សហការជាមួយបណ្ដាញសមាគមនារី សង្កាត់ច្រាំងចំរេះទី២ សង្កាត់ទួលសង្កែទី១ សង្កាត់ឬស្សីកែវ និងសង្កាត់ទួលសង្កែទី២ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីចុះសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភដល់ការជួយសម្រាលជីវភាពខ្វះខាត និងមានជំងឺសម្រាប់ប្រជាពលរដ្ឋ មកពីភូមិទាំង៤ នៃសង្កាត់ច្រាំងចំរេះ២ នៅក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ នៅក្រុម១២ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ និងនៅក្រុម២ ភូមិពោងពាយ និងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ កាលពីថ្ងៃទី១៩-២៦ ខែមករា ឆ្នាំ២០២២។

សម្រាប់អំណោយមនុស្សធម៌ ដែលក្រុមការងារបណ្ដាញសមាគមនារីខណ្ឌ-សង្កាត់ បាននាំយកមកឧបត្ថម្ភដល់ប្រជាពលរដ្ឋជួបការខ្វះខាតនាពេលនេះ គឺក្នុង១គ្រួសារទទួលបាន រួមមាន៖ អង្ករ២៥ គីឡូក្រាម , មី ៥កញ្ចប់, ទឹកត្រី ២ដប, ទឹកស៊ីអុីវ ២ដប, ត្រីខ ៥កំប៉ុង, និងថវិកា ៣០.០០០រៀល។

សូមបញ្ជាក់ថា ក្រៅពីកាកបាទក្រហមកម្ពុជាដែលបានដើរតួនាទីយ៉ាងសំខាន់ តាមរយៈសកម្មភាពសមធម៌ក្នុងការរួមចំណែក ដើម្បីកាត់បន្ថយភាពក្រីក្រ ហើយបង្កើនជីវភាពកាន់តែប្រសើរជូនប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាលកម្ពុជា នោះ វត្តមានរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏បានរួមចំណែកយ៉ាងផុសផុលផងដែរ តាមរយៈសកម្មភាពសមធម៌នេះ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ពូជសាស ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕