(ភ្នំពេញ)៖ រដ្ឋាភិបាលចិន កំពុងតែជំរុញការបង្កើតរោងចក្រផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់ លោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងសុខាភិបាល លោក Wang Wentian បានប្រគល់ឱសថព្យាបាលជំងឺកូវីដ១៩ ចំនួន ២៣១កេស ទម្ងន់ ១១២៥គីឡូក្រាម ជូនឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ហើយលោកឧបនាយករដ្ឋមន្ត្រី បានបន្តប្រគល់ជូន លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីចាត់ចែងព្យាបាលអ្នកកើតជំងឺកូវីដ-១៩ ជាពិសេសក្នុងពេលដែលមានមេរោគបន្លែងថ្មីអូមីក្រុងនេះ។

ក្នុងឱកាសនោះ លោក Wang Wentian បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសចិនកំពុងតែជំរុញការកសាងរោងចក្រ ផលិតវ៉ាក់សាំងនៅកម្ពុជា»

សូមជម្រាបថា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានប្រកាសគាំទ្រឱ្យមានការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ របស់ចិននៅក្នុងប្រទេសកម្ពុជា។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងឱកាសដែលប្រមុខការទូតចិន ជួបពិភាក្សាទ្វេភាគី ជាមួយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា អំឡុងពេលដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣ ដល់ ៥ ខែធ្នូ ឆ្នាំ២០២១។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសអំពីលទ្ធផលនៃដំណើរទស្សនកិច្ច និងជំនួបទ្វេភាគីរបស់ប្រមុខការទូតប្រទេសទាំងពីរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ឱ្យដឹងថា៖ «លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវការកោតសរសើរបស់កម្ពុជា ចំពោះការផ្តល់ជំនួយអភិវឌ្ឍន៍របស់មិត្តចិន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេស ការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលចាំបាច់សម្រាប់កម្ពុជា ក្នុងការគ្រប់គ្រងបាននូវការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាការឆ្លើយតប លោក វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងការគាំទ្រឱ្យបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងកម្ពុជា ផងដែរ»

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងសន្និសីទសារព័ត៌មានអំឡុងទទួលជំនួយវ៉ាក់សាំងចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើតាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ទៅកាន់លោក ស៉ី ជិនពីង ប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីចិន ដើម្បីជំរុញឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន នៅក្នុងប្រទេសកម្ពុជា។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ធ្វើដូច្នេះកម្ពុជាមានលទ្ធភាពដើម្បីទិញវ៉ាក់សាំងដែលផលិតនៅក្នុងរោងចក្រដែលផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចាក់នៅក្នុងប្រទេសខ្លួនឯងផង ហើយកម្ពុជាក៏មានលទ្ធភាពដើម្បីចែកចាយវ៉ាក់សាំងនេះទៅកាន់ប្រទេសដទៃ តាមរយៈនៃការបញ្ជាទិញរបស់ប្រទេសដទៃ»

ក្នុងឱកាសកម្មវិធីប្រគល់ និងទទួលឱសថ ព្យាបាលជំងឺកូវីដ១៩ នៅទីស្តីការក្រសួងសុខាភិបាល លោក Wang Wentian ក៏បានសម្តែងការរីករាយ ដែលរដ្ឋាភិបាលរបស់គាត់ ជាផ្នែកមួយនៃការជួយឲ្យកម្ពុជា បានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ។ សម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញ លើកទី៤ លោកសង្កត់ធ្ងន់ថា បើកម្ពុជាត្រូវការវ៉ាក់សាំងនោះ ចិននឹងផ្តល់ជូនជាជំនួយឥតសំណងតាមតម្រូវការ។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងរំលឹកថា ទោះបីជាមានការរាតត្បាតជំងឺកូវីដ១៩ ដោយមានការណែនាំពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានក្រសួងសុខាភិបាលជាសេនាធិការ កម្ពុជាបានទប់ស្កាត់ការរាតត្បាតនូវជំងឺកូវីដ១៩ ព្រមទាំងការចាក់វ៉ាក់សាំងការពារជំងឺនេះ បានចំនួន ៨៩,៦៦ភាគរយ (គិតត្រឹមពេលនេះ)។ លោកបានរំលឹកដែរថា ជោគជ័យនៃការទប់ស្កាត់កូវីដ១៩ នៅកម្ពុជាក៏មានការរួមចំណែករបស់ចិន នូវវ៉ាក់សាំងជាច្រើនលានដូសមកកម្ពុជា ព្រមទាំងបរិក្ខារទំនើបៗជាច្រើនទៀត។

លោក ហោ ណាំហុង ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្តល់ឱសថព្យាបាលកូវីដ១៩ ជាង ១តោន ដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលលោកបានប្រគល់ជូន លោក ម៉ម ប៊ុនហេង សម្រាប់ព្យាបាលជំងឺកូវីដ១៩ ទូទាំងប្រទេស។ មុនបញ្ចប់ លោកបានកោតសរសើរដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យទាំងអស់ ដែលបានចូលរួមចំណែកព្យាបាលកូវីដ១៩ បានជោគជ័យពេញលេញ៕