(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ ដែលមានជីវភាពក្រីក្រ ចំនួន២៥៤គ្រួសារមកពីឃុំ ចំនួន៥ នៃស្រុកថ្មគោល។

ថ្លែងក្នុងនាឱកាសនោះ លោក សុខ លូ បាននាំមកនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ ដោយក្តីនឹករឭកបំផុតដែលជានិច្ចកាលសម្តេច តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជួបការលំបាកអ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើស អើង វណ្ណៈ ជាតិ សាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកបន្ដថា ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវអនាម័យល្អរស់នៅស្អាតហូបស្អាត ផឹកស្អាត និងខិតខំប្រឹង ប្រែងប្រកបមុខរបរ បង្កបង្កើនផលដាំ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឲ្យបានប្រសើរឡើង។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តបង្កើនការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសសូមបន្តអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពារខ្លួនពីជំងឺកូវីដ១៩ គឺ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា។

អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ២៥គីឡូក្រាម, ត្រីខ១០កំប៉ុង, ទឹកបរិសុទ្ធ១កេស, មី១កេស, ទឹកត្រី ទឹកស៉ីអ៉ីវ១យួរ និង ជែល១ដបផងដែរ៕