(កែប)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនសិក្ខាកាមនគរបាលជិត២០០នាក់ នៅវរសេនាតូចនគរបាលការពារព្រំដែនទឹក លេខ៤៣០ ប្រចាំខេត្តកែប នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ដោយលោក សោម ពិសិដ្ឋ អភិបាលខេត្ដ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកែប។

ក្នុងឱកាសចុះសំណេះសំណាល និងសួរសុខទុក្ខនោះ លោក សោម ពិសិដ្ឋ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងគិតគូរយកចិត្តទុកដាក់ចំពោះកងកម្លាំង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមិនដែលខកខានឡើយ។

លោកអភិបាលខេត្តកែប បានបន្ដថា កងកម្លាំងនគរបាលការពារព្រំដែនទឹក គឺជាអ្នកអនុវត្តច្បាប់នៅលើដែនទឹក និងមានតួនាទីការពារប្រជាពលរដ្ឋ ដែលពាក់ព័ន្ធការរកស៊ីស្របច្បាប់នៅលើផ្ទៃសមុទ្រ។ ជាពិសេសចូលរួមការពារ ធនធានធម្មជាតិនៅលេី និងក្រោមផ្ទៃទឹក នៃបូរណភាព អធិបតេយ្យភាពដែនសមុទ្រកម្ពុជាយើង ដូច្នេះនគរបាលការពារព្រំដែនទឹក ត្រូវមានចំណេះជំនាញខាង (ស្គូបា) ជំនាញបច្ចេកទេសបើកបរនាវា អូប័រ ជ្រមុជទឹក និងសង្គ្រោះបឋមឲ្យបានច្បាស់លាស់។

បើតាមលោកអភិបាលខេត្ត ដើម្បីបង្កើនការយល់ដឹង ដល់កងកម្លាំងនូវចំណេះជំនាញ ពិតប្រាកដក្នុងកិច្ចប្រតិបត្តិការនៅតំបន់សមុទ្រឲ្យបានល្អ មានប្រសិទ្ធភាព និងសុវត្ថិភាពនោះ សិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនសមត្ថភាពលើជំនាញរបស់ខ្លួន និងត្រូវពង្រឹងវិន័យ របៀបរបបការងារ និងតួនាទីភារកិច្ច ដើម្បីធានាដល់ការគ្រប់គ្រង ក្នុងកិច្ចប្រតិបត្តិការឲ្យកាន់តែប្រសើរ និងរៀនរស់នៅធ្វើការតាមរបៀបគន្លងថ្មី។

ជាមួយគ្នានេះ លោក សោម ពិសិដ្ឋ បានណែនាំដល់កងកម្លាំងទាំងអស់ សូមបន្តអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការ ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន។

លោកវរសេនីយ៍ឯក សំរឹទ្ធ ថាវរ៉ាត់ មេបញ្ជាការវរសេនាតូចលេខ៤៣០ បានឲ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ ជាលទ្ធផលវរសេនាតូចលេខ៤៣០ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតួនាទី ភារកិច្ច និងជំនាញដែលខ្លួនមានសម្រាប់ពុះពាររាល់ការលំបាកជាច្រើន ដើម្បីរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងរក្សាបាននូវបូរណភាព អធិបតេយ្យភាពដែនដីកម្ពុជា។ ពិសេសការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋប្រកបមុខរបរ លើផ្ទៃសមុទ្រ ឲ្យទទួលបានលទ្ធផលល្អប្រសើរ។

សូមជម្រាបថា អំណោយជាគ្រឿងឧបភោគ បរិភោគ ដែលបានប្រគល់ជូន វរសេនាតូចនគរបាលការពារព្រាំដែនទឹក លេខ៤៣០ នាឱកាសនោះ រួមមាន៖ ថវិកាចំនួន ២,០០០,០០០រៀល, អង្ករ៣តោន, ជែលលាងដៃ ១,៥០០ដប, មី៤០កេស និងម៉ាស់ ៥,០០០ម៉ាស់៕