(កំពង់ស្ពឺ)៖ សហគមន៍ទេសចរណ៍ធម្មជាតិចំបក់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ក្រោមការគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសដោយអង្គការម្លប់បៃតង និងកិច្ចសហការណ៍របស់សហគមន៍ព្រៃឈើ និងសហគមន៍តំបន់អភិរក្ស ដែលមានទីតាំងភូមិសាស្ត្រ ស្ថិតនៅភូមិចំបក់ដង្គុម ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចម្ងាយផ្លូវប្រមាណជា ១១០គីឡូម៉ែត្រ។ ក្រោយឆ្នាំ២០០៩ សហគមន៍មួយនេះ បានរៀបចំគ្រប់គ្រងសហគមន៍របស់ខ្លួនដោយឯករាជ្យ។

ភ្ញៀវទេសចរអាចធ្វើដំណើរពីរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ១៨៥ បទស្ដាំ ត្រង់ត្រែង ត្រយឹងផ្លូវ ចូលគិរីរម្យមានចម្ងាយប្រហែល២០គីឡូម៉ែត្រ លុះដល់ជើងភ្នំគិរីរម្យ បត់ស្តាំតាមផ្លូវក្រួសក្រហមចម្ងាយប្រហែល ៨គីឡូម៉ែត្រនោះយើងនឹងទៅដល់សហគមន៍អេកូធម្មជាតិចំបក់។

កាលមុនដើម្បីចូលទៅដល់កន្លែងទឹកធ្លាក់ភ្ញៀវទេសចរ ត្រូវជិះរទេះគោ ឬម៉ូតូឌុបចម្ងាយប្រហែលជាង២គីឡូម៉ែត្រ ប៉ុន្តែ បច្ចុប្បន្ននេះ ភ្ញៀវទេសចរអាចធ្វើដំណើរដោយរថយន្តដោយផ្ទាល់រហូតមកទីស្នាក់ការសហគមន៍ទេសចរណ៍ធម្មជាតិចំបក់។ បន្ទាប់មកធ្វើដំណើរដោយថ្មើរជើងឡើងលើភ្នំជាច្រើនគីឡូម៉ែត្រទៀតទើបទៅដល់កន្លែងកម្សាន្តជាច្រើន ដែលមានចម្ងាយផ្សេងៗគ្នា។

បើក្រឡេកទៅមុនពេលបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិចំបក់នេះ គឺទីតាំងធម្មជាតិមួយនេះ សំបូរទៅដោយឡដុតធ្យូងប្រមានជាង៤០០ឡ ដែលបានកាប់បំផ្លាញព្រៃឈើប្រមាណជិត១លាន ម៉ែត្រគីប ក្នុង១ឆ្នាំ។ ប៉ុន្តែ ចាប់តាំងពីបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិចំបក់មក តំបន់នេះលែងមានឡធ្យូងទៀតហើយ។

បើតាមលោក ទូច ម៉ក់ ប្រធានសហគមន៍តំបន់ការពារ និងអេកូទេសចរណ៍ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា សហគមន៍ទេសចរណ៍ធម្មជាតិចំបក់ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០០២ នៅទីនេះក្រៅពីព្រៃឈើ អ្វីដែលជាភាពទាក់ទាញខ្លាំងសម្រាប់បម្រើឱ្យវិស័យទេសចរណ៍បែបអេកូទេសចរណ៍នោះគឺអ្នកទេសចរភាគច្រើនមកទស្សនាទឹកធ្លាក់ សម្រាប់ទឹកធ្លាក់មានច្រើនកន្លែងរាប់ពីទីមួយរហូតដល់ទីប្រាំពីរក្រៅពីនេះជាតំបន់ទេសភាព កន្លែងខ្លះ ដូចជាថ្មអំពិល ល្អាងប្រចៀវ សុទ្ធតែមានទេសភាពស្រស់ស្អាតគួរជាទីគយគន់។

«សហគមន៍មានផ្ទៃដីសរុប៣,៤៥១ហិកតា មានប្រជាសហគមន៍ចំនួន៦៣៧គ្រួសារ បានចងក្រងជាសមាជិក។ សម្រាប់នៅក្នុងសហគមន៍មួយនេះ ក្រៅពីនាំភ្ញៀវទស្សនាតំបន់ធម្មជាតិនៅក្នុងសហគមន៍ ពួកគាត់បានប្រកបមុខរបរធ្វើស្រែស្រែចម្ការ, រកអនុផលព្រៃឈើ និងអ្នកខ្លះទៀតគាត់ទៅធ្វើការនៅតាមចម្ការស្វាយ ចំការខ្នុរ ក្រៅពីនោះគាត់រកសេវាកម្មទេសចរណ៍តែម្ដង»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ប្រធានសហគមន៍។

ប្រធានសហគមន៍រូបនេះ បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «បើយើងមើលពីចរន្តចរន្តនៃការផ្លាស់ប្ដូរហាក់ដូចជានៅថ្ងៃបង្កើតសហគមន៍ដំបូងជុំវិញនេះមានឡជាង៤០០ឡ នៅក្នុងករណីសិក្សាប្រមាណជាង១ឆ្នាំ ការប្រមូលឈើយកមកធ្វើឡជិតមួយលានម៉ែត្រគីបច្រើនមែនទែននេះ គឺយើងសិក្សាដំបូង អញ្ចឹងនៅការចាប់ផ្ដើមនៃពីឆ្នាំ២០០២ ឆ្នាំ២០០៨ ឡចាប់ផ្ដើមថយ រហូតដល់បច្ចុប្បន្ននេះគ្មានឡើយឡដុតធ្យូង»

នៅទីនេះមានធនធានសម្រាប់បម្រើដល់វិស័យទេសចរណ៍ដូចជា៖ របាំប្រពៃណី ទស្សនាអន្លង់រ៉ត់ ដាំកូនឈើ ធ្វើវត្ថុអនុស្សាវរីយ៍ ធ្វើក្រឡាន ធ្វើអំបុក ទស្សនាសួនបន្លែជាមួយនឹងអ្នកភូមិ ទស្សនាទឹកធ្លាក់ចំបក់ ទស្សនាវាលស្រែ ព្រៃឈើ ទឹកធ្លាក់ រូងប្រជៀវ និងបោះជំរុំ។ សហគមន៍ក៏មានបម្រើសេវាកម្មដូចជា៖ អាហារដ្ឋាន ភោជនីយដ្ឋាន មគ្គុទ្ទេសក៍ ផ្ទះស្នាក់ ជួលកង់ ជួលម៉ូតូ ជួលរថយន្ត ជួលគោយន្ត រទេះគោ។

លោក ឃិន ម៉េងឃាង ប្រធានគ្រប់គ្រងគម្រោង និងជាប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃក្រសួងបរិស្ថានក្នុងពេលដឹកនាំ ប្រតិភូទស្សនៈកិច្ចស្វែងយល់អំពីផលិតផល និងសេវាកម្មទេសចរណ៍ធម្មជាតិ នៅខេត្តកំពង់ស្ពឺ និងកោះកុងរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ខែមករាឆ្នាំ២០២២បានឱ្យដឹងថា ប្រទេសកម្ពុជាយើងបានបើកប្រទេសឡើងវិញក្រោយជំងឺកូវីដ១៩ សម្រាប់ទទួលភ្ញៀវទេសចរណ៍ ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្រសួងបរិស្ថានយើងមានតំបន់ការពារធម្មជាតិច្រើន ហើយផ្ទៃដីក៏ធំ វិសាលភាពក៏ធំ គ្រប់ទីកន្លែង យើងធ្វើម៉េចជម្រុញការអភិវឌ្ឍន៍ផែនការយុទ្ធសាស្រ្ដ នៅក្នុងការស្ដារទេសចរណ៍ឡើងវិញ ក៏ដូចជាការអភិរក្សតំបន់ធនធានធម្មជាតិ។

លោកថាសហគមន៍ចំបក់នេះ បានបង្កើតឡើងដោយមានការគាំទ្រពីក្រសួងបរិស្ថាន ហើយបានទទួលស្គាល់តាំងពីឆ្នាំ២០០៣មកម្ល៉េះ។ សហគមន៍បានរៀបចំអេកូទេសចរណ៍ក្នុងនេះមានតាំងតែពីការដឹកជញ្ជូន ទេសចរណ៍ របាំ សេវាម្ហូបអាហារជាដើម។ នេះវាជាចំណុចពិសេសសម្រាប់សហគមន៍។ បច្ចុប្បន្ននេះ គាត់អាចមានសកម្មភាពផ្សេងៗទៀត ទឹកស្អាតក៏គាត់មានដែរ អញ្ចឹងអាចជួយសម្រាលជីវភាព ដែលមាន៦ ភូមិ មានជាង៦០០ គ្រួសារ៕