(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ក្នុងឆ្នាំ២០២១កន្លងទៅ គ្រាដែលកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩ អាជ្ញាធរមិនទាន់ដោះស្រាយបញ្ហាបានគ្រប់គ្រាន់ជូនប្រជាពលរដ្ឋនោះទេ ប៉ុន្ដែក្រុមការងារនឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋ ខណៈបញ្ហាមួយចំនួនដែលមិនអាចដោះស្រាយបាន នឹងដាក់ជូនប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបន្ដ។

ការលើកឡើងបែបនេះ របស់លោក សោម ពិសិដ្ឋ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ជិន ប៊ុនស៊ាន បានថ្លែងគាំទ្រ និងឯកភាពចំពោះរបាយការណ៍របស់រដ្ឋបាលខេត្តកែប និងកោតសសើរចំពោះការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច ស្របតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ក្នុងស្មារតីទទួលខុសត្រូវ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ បើទោះបីការឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពុំបាន១០០ភាគរយក៏ដោយ។

ប៉ុន្តែបានឆ្លើយតប និងដោះស្រាយបានទាន់ពេលវេលានៅតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋបានមួយចំនួនធំផងដែរ។ ដោយឡែកចំពោះបញ្ហាដែលនៅសេសសល់ ដែលមិនបានដោះស្រាយក្រុមការងារ នឹងដោះស្រាយជាបន្តទៀត។

លោក ជិន ប៊ុនស៊ាន ក៏បានណែនាំនូវ៥ចំណុចសំខាន់ រួមមាន៖

*ទី១៖ គណៈអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេភូមិ ត្រូវលើកកម្ពស់ការទទួលខុសត្រូវ ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព មិនប្រកាន់និន្នាការនយោបាយ ជំរុញការអភិវឌ្ឍមូលដ្ឋានឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។

*ទី២៖ គណៈអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេភូមិ ត្រូវសហការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ចោរកម្ម ក្មេងទំនើង ដើម្បីភូមិឃុំ សង្កាត់ មានសុវត្ថិភាព។

*ទី៣៖ ក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ត្រូវចុះពង្រឹងតាមមូលដ្ឋាន ឲ្យបាន១ខែ ឬ២ខែម្ដង ដើម្បីសិក្សាស្វែងយល់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន។

*ទី៤៖ មេឃុំ ចៅសង្កាត់ មេភូមិ ត្រូវពិនិត្យមើលនូវប្រជាពលរដ្ឋណា ដែលបានបាត់អត្តសញ្ញាណប័ណ្ណ ឬមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណ ត្រូវណែនាំឲ្យធ្វើអត្តសញ្ញាណប័ណ្ណ ឲ្យបានទាន់ពេលវេលា សម្រាប់ការបោះឆ្នោតអាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

*ទី៥៖ ត្រូវផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យចេះថែរក្សាអនាម័យ គោរពតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ក្នុងវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ត្រូវណែនាំឲ្យប្រជាពលរដ្ឋចូលរួមចាក់វ៉ាកសាំងឲ្យបានគ្រប់ៗគ្នា៕