(តាកែវ)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តចាត់សហការី ចុះផ្តល់ជែលលាងដៃចំនួន ៩១១កេស (ស្មេីនឹង ១៤,៥៧៦ដប) ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ជាខេត្តទី២១ និងអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុក ទាំង១០ នៅខេត្តតាកែវ ដើម្បីប្រើប្រាស់ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងលោក អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោកស្រីបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ជាមួយនឹងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការសាខា-អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ក៏ដូចជាបុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋ ជាពិសេសបានខិតខំពុះពាររួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ។

ទន្ទឹមនឹងនេះ លោកស្រីបានគូសបញ្ជាក់ថា «ការចូលរួមកម្លាំងពីប្រតិបត្តិករជួរមុខ កម្លាំងទ័ពអាវស និងកម្លាំងពហុវិស័យ ទាំងអស់ បានធ្វេីឱ្យកម្ពុជាយេីងទទួលបានភាពជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតដល់សម្រេចបាននូវការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ រួមជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រ នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ , ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ-ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ជាមួយនឹងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំនិងការវិលត្រឡប់ទៅរកមាគ៌ានៃកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាពឡើងវិញ»

ក្នុងឱកាសនោះដែរ លោក អ៊ូច ភា ក៏បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលកន្លងមក និងពេលបច្ចុប្បន្ន តែងតែបានយកចិត្តទុកដាក់គិតគូរដល់សុខភាពសាធារណៈ ជាពិសេសចំពោះសុខភាពប្រជាពលរដ្ឋ គ្រប់ពេលវេលាក្នុងពេលដែលប្រទេសជាតិយើងកំពុងតែរីករាលដាលនៃមេរោគកូវីដ-១៩ ដែលជាជំងឺជាសកល។

លោកបន្តថា «កាកបាទក្រហមកម្ពុជា តែងតែបានទំនុកបម្រុងទាំងធនធានសម្ភារៈ និងថវិកា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ហើយក្នុងនោះសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នឹងធ្វើការបែងចែកធនធានសម្ភារៈទាំងនេះទៅដល់ដៃរបស់ប្រជាពលរដ្ឋឱ្យបានប្រើប្រាស់តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកនីមួយៗឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យនៅក្នុងឃ្លាំងដោយមិនបានប្រើប្រាស់នោះទេ»

គួររំលឹកដែរថា ជែលលាងដៃខាងលេីនេះ ជាអំណោយរបស់ ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ដែលប្រគល់ជូនកាកបាទក្រហមកម្ពុជា ជំហានទី២ ចំនួន ១៦,២០០កេស (ស្មើនឹង ២៥៩.២០០ដប) កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២កន្លងទៅ។

សូមជម្រាបផងដែរថា បន្ទាប់ពីកម្មវិធីប្រគល់ និងទទួលជែលរួច នៅថ្ងៃដដែលនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី «ផែនការអភិវឌ្ឍសាខា២០២១-២០២៥ តាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ»