(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានទទួលជួបលោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្រ្តីក្រសួងការបរទេសទីម័រខាងកើត ក្នុងឱកាសដែលអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៩ ខែមករា ឆ្នាំ២០២២។

លោក សុខ ចិន្ដាសោភា បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចមកកម្ពុជា របស់លោកស្រីបណ្ឌិត ក្នុងគោលដៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីទាញយកផលប្រយោជន៍ទៅវិញទៅមក ជាអតិបរមាសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

លោកបានថ្លែងអំណរគុណដល់លោកស្រី អាដាល់ជីហ្សា និងគណៈប្រតិភូដែលបានអញ្ជើញមកពិភាក្សាការងារដោយផ្ទាល់ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តល់ឱកាសដល់លោក បានជម្រាបជូនអំពីការវិវត្តសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងខ្លឹមសារសំខាន់ៗនៃច្បាប់ ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា ប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

លោករដ្ឋមន្ត្រីបានជម្រាបជូនពីការដាក់ចេញនូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងការប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលនានា ជាពិសេស វិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

តាមរយៈការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលាទាំងនេះហើយ ទើបកម្ពុជាអាចបើកដំណើរការប្រទេសពេញលេញ និងឈានដល់ការដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។

ជាការឆ្លើយតប លោកស្រីបណ្ឌិតរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងចូលរួមអបអរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានបើកដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញ និងបានវាយតម្លៃខ្ពស់ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានកំណើនសេដ្ឋកិច្ចប្រមាណជាង៧% ក្នុងអំឡុងជាង២ទសវត្សរ៍ចុងក្រោយ មុនមានវត្តមាននៃជំងឺរាតត្បាតសកលកូវីដ-១៩។

ក្នុងន័យនេះ គណៈប្រតិភូមានបំណងដកស្រង់បទពិសោធន៍របស់កម្ពុជា ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងអង្គការតំបន់ និងសាកល និងជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការដាក់ឱ្យដំណើរការ នូវការចុះបញ្ជីធុរកិច្ចតាមថ្នាលព័ត៌មានវិទ្យា។

លោករដ្ឋមន្រ្តីប្រតិភូ និងលោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការ បានឯកភាពបន្តកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ ក្នុងនាមជាមិត្តល្អក្នុងតំបន់៕