(ឌុយបៃ, សហភាពអារ៉ាប់រួម)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា លោក ប៉ាន សូរស័ក្តិ បានស្នើរុស្ស៉ី ឱ្យជំរុញអ្នកវិនិយោគរុស្ស៉ី មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងរុស្ស៉ី។ លោក ប៉ាន សូរស័ក្តិ បានលើកវិស័យសំខាន់ៗមួយចំនួន ដែលចង់ឱ្យវិនិយោគិនរុស្ស៉ីមកវិនិយោគនៅកម្ពុជា រួមមាន៖ ការផលិតយានយន្តកសិកម្ម, ផលិត និងកែច្នៃម្ហូបអាហារ, ដឹកជញ្ជូន-ភស្តុភា និងបច្ចេកវិទ្យា។

សំណើរបស់លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានធ្វើឡើងក្នុងពេលរូបលោកជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៉ី កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅទីក្រុងឌូបៃ សហភាពអារ៉ាប់រួម ទីដែលលោករដ្ឋមន្ត្រីកំពុងដឹកនាំគណៈប្រតិភូចូលរួមប្រារព្ធទិវាជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២០។

យោងតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកអនុរដ្ឋមន្ត្រី និងសហការី ដែលបានចំណាយពេលវាដ៏មានតម្លៃ ចូលរួមកិច្ចជំនួបទ្វេភាគីដ៏មានសារៈសំខាន់នេះ និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំណងមិត្តភាព កិច្ចសហប្រតិបត្តិការល្អ ព្រមទាំងជំនួយឧបត្ថម្ភគាំទ្រនានា ដែលសហព័ន្ធរុស្ស៉ី បានផ្ដល់ជូនកម្ពុជាកន្លងមក ជាពិសេសការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅសហព័ន្ធរុស្ស៉ី។

លោក ប៉ាន សូរស័ក្តិ បានជម្រាបអំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម ការទាក់ទាញការវិនិយោគ និងការចរចាបើកច្រកទីផ្សារថ្មីៗក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលកម្ពុជាសម្រេចបាននាពេលថ្មីៗនេះ រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាដើម។

លោករដ្ឋមន្ត្រី បានគូសរំលេចផងដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឱ្យកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេស បានប្រមាណ ៩០ភាគរយ ដែលជាកត្តាជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមដំណើរការសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ និងបើកប្រទេសឡើងវិញ ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍ សំដៅស្តារសកម្មភាពសេដ្ឋកិច្ចទ្បើងវិញ ក្រោយវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានសំណូមពរឱ្យធុរជន និងអ្នកទេសចររបស់រុស្ស៉ី ទស្សនកិច្ច និងវិនិយោគនៅកម្ពុជាលើវិស័យអាទិភាពមួយចំនួន ដូចជាវិស័យផលិតយានយន្តកសិកម្ម វិស័យផលិត និងកែច្នៃម្ហូបអាហារ វិស័យដឹកជញ្ជូន និងភស្តុភារ វិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងវិស័យផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាដើម។ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីរុស្ស៉ី ជួយជំរុញការចរចាបញ្ចប់ឱ្យបានឆាប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) នាពេលខាងមុខផងដែរ។

ជាការឆ្លើយតប លោកអនុរដ្ឋមន្ត្រីរុស្ស៉ី បានទទួលយកសំណើររបស់លោករដ្ឋមន្ត្រីកម្ពុជា ដោយសន្យាថា នឹងពាំនាំយកសំណើរបស់កម្ពុជាទៅផ្សព្វផ្សាយជូនធុរជន អ្នកទេសចររបស់សហព័ន្ធរុស្ស៉ី ដើម្បីទស្សនកិច្ច និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

លោកអនុរដ្ឋមន្ត្រីបន្តថា រុស្ស៉ី នឹងបន្តធ្វើសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសំខាន់ៗមួយចំនួន ដោយស្នើឱ្យវិស័យពាក់ព័ន្ធនានា ដូចជាវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា វិស័យផលិតយានយន្តកសិកម្ម វិស័យដឹកជញ្ជូន និងភស្តុភារកម្ម និងវិស័យអប់រំជាដើម ធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។

លោកអនុរដ្ឋមន្ត្រី ក៏បានសម្ដែងការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការសម្រេចបាននូវយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានកោតសរសើពីពន្លាជាតិកម្ពុជា ដែលបានរៀបចំឡើងប្រកបដោយភាពទាក់ទាញ ដោយបានបង្ហាញពីប្រពៃណី វប្បធម៌ដ៏ល្អផូរផង់ និងយូរអង្វែងរបស់កម្ពុជា។

ជាមួយគ្នានេះ លោកអនុរដ្ឋមន្ត្រី បានសំណូមពរឱ្យមានទំនាក់ទំនងគ្នាដោយផ្ទាល់ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៉ី ដើម្បីពង្រឹងសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យមានកំណើនប្រកបដោយចីរភាព ដើម្បីជាផលប្រយោជន៍របស់ប្រជាជនទាំងពីរប្រទេស។ លោកអនុរដ្ឋមន្ត្រី ក៏បានអញ្ជើញរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៉ី នាពេលវេលាសមស្របនាពេលខាងមុខផងដែរ។

នៅកិច្ចបញ្ចប់លោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានទទួលយកសំណើរទៅទស្សនកិច្ចនៅសហព័ន្ធរុស្សី នាពេលខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យសម្រេចបានលទ្ធផលល្អ និងទទួលបានផ្លែផ្កាតាមការរំពឹងទុក៕