(កំពង់ឆ្នាំង)៖ លោក ហ៊ីង ភ័ព្វមិនា អភិបាលរងក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា លោក សាន់ យូ អភិបាលរងខេត្ត នឹងយកច្បាប់អនុញ្ញាតឲ្យវាយផ្ទះ១៣ល្វែង នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ប្រគល់ជូនប្រជាពលរដ្ឋម្ចាស់ផ្ទះ១៣ល្វែងនេះហើយ ដើម្បីឲ្យម្ចាស់ផ្ទះ ចរចាជាមួយក្រុមហ៊ុនដោយខ្លួនឯង ក្នុងការវាយផ្ទះថ្មទ្រុឌទ្រោមខាងលើនេះចោល ចៀសវៀងការបាក់រលំបណ្តាលឲ្យមានមនុស្សរងគ្រោះជាយថាហេតុ។

លោកអភិបាលរងក្រុងកំពង់ឆ្នាំង បានបន្តថា កន្លងមកអាជ្ញាធរខេត្ត ធ្លាប់បានសន្យាជាមួយប្រជាពលរដ្ឋជាម្ចាស់ផ្ទះ១៣ល្វែងនេះថា អាជ្ញាធរគ្រាន់តែមានតួនាទីជាអ្នកសម្របសម្រួល ជាមួយក្រុមហ៊ុនតែប៉ុណ្ណោះ ដូច្នេះចំពោះតម្លៃវាយផ្ទះល្វែងនេះចោល គឺម្ចាស់ផ្ទះត្រូវចរចាក៏ជាមួយក្រុមហ៊ុនដោយខ្លួនឯង។

ជាមួយគ្នានេះ ក្រោយពីក្រុមហ៊ុនវាយកម្ទេចផ្ទះទ្រុឌទ្រោមនេះចោលរួចហើយនោះ ប្រជាពលរដ្ឋម្ចាស់ផ្ទះទាំង១៣ល្វែង ត្រូវរួមគ្នាសុំច្បាប់សាងសង់ផ្ទះ១៣ល្វែងនេះឡើងវិញ ដោយអាជ្ញាធរខេត្តជាអ្នកជួយសម្របសម្រួលផ្លូវច្បាប់ ជាមួយមន្ត្រីជំនាញក្នុងការគូរប្លង់កសាងផ្ទះទាំង១៣ល្វែងនេះឡើងវិញផងដែរ។

ប្រជាពលរដ្ឋនៅម្តំផ្ទះ១៣ល្វែងខាងលើនេះ នៅព្រឹកថ្ងៃទី២៦ ខែមករា បានឲ្យដឹងថា តម្លៃជួលក្រុមហ៊ុនវាយផ្ទះទ្រុឌទាំង១៣ល្វែងនេះចោល គឺក្រុមហ៊ុនយកថ្លៃវាយចោលក្នុង១ល្វែង ដល់ទៅ១,៨០០ដុល្លារឯណោះ ពិតជាមិនថោកនោះឡើយ។ រឿងនេះម្ចាស់ផ្ទះទាំង១៣ល្វែង កំពុងតែពិភាក្សាគ្នាមិនទាន់បានឯកភាពគ្នាជាផ្លូវការនៅឡើយនោះទេ។

សូមបញ្ជាក់ថា ផ្ទះថ្មទាំង១៣ល្វែងនេះ បានកសាងក្នុងជំនាន់អាណានិគមនិយមបារាំង នៅអំឡុងឆ្នាំ១៩៣១ គិតមកដល់ពេលនេះមានអាយុ៩១ឆ្នាំហើយ ដែលមានសភាព ពុកផុយទ្រុឌទ្រោមយ៉ាងខ្លាំង មិនអាចរស់នៅបន្តទៀតបានឡើយ។ ហេតុនេះហើយទើបអាជ្ញាធរក្រុង និងខេត្ត បានអំពាវនាវឲ្យម្ចាស់ផ្ទះនេះចាកចេញ ដើម្បីទប់ស្កាត់ការបាក់ស្រុតដែលអាចកើតមានឡើងជាយថាហេតុ អាចនាំឲ្យបាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋផងដែរ៕