(បន្ទាយមានជ័យ)៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅសល់តាំងពីជំនាន់សង្គ្រាមចំនួន១៨គ្រាប់ ត្រូវបានប្រជាពលរដ្ឋភ្ជួរស្រែប្រទះឃើញនៅចំណុចភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ហើយបានរាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីយកទៅកម្ទេចចោល ជៀសវាងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋជាម្ចាស់ស្រែដែលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅសល់តាំងពីជំនាន់សង្គ្រាមចំនួន១៨គ្រាប់នោះ មានឈ្មោះ ស៊ាំង ចាយ អាយុ៣៥ឆ្នាំ រស់នៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបន្តទៀតថា តាមការបំភ្លឺពីប្រជាពលរដ្ឋជាម្ចាស់ស្រែបានឲ្យដឹងថា ស្រែដែលបានភ្ជួរស្រែនោះ គាត់ធ្វើជារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះដោយមានបំណងចង់ពង្រីកដីស្រែគាត់ក៏បានយកត្រាក់ទ័រមកភ្ជួរវៀលដីដំបូកក្នុងស្រែមានដីកាន់តែធំ ក៏ប្រទះឃើញគ្រាប់ទាំងនោះ រួចបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ឃុំផ្គាំតែម្តង។

លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ទៀតថា គ្រាប់យុទ្ធភណ្ឌទាំងនោះមានប្រភេទ DK82 ចំនួន១៥គ្រាប់ ប្រភេទ Mine69 ចំនួន១គ្រាប់ និងប្រភទ 60mm ចំនួន២គ្រាប់។

បើតាមអធិការនគរបាលស្រុកស្វាយចេក ក្នុងពេលទទួលបានដំណឹងពីប្រជាពលរដ្ឋនោះ នគរបាលប៉ុស្តិ៍រដ្ឋបាលផ្គាំក៏បានផ្តល់ព័ត៌មានទៅក្រុមស៊ីម៉ាក ដើម្បីចុះដោះគ្រាប់សំណល់សង្គ្រាមទាំងនេះទៅកម្ទេចចោលនៅពេលខាងមុខតែម្តង៕