(ភ្នំពេញ)៖ រាជរដ្ឋាភិបាលម៉ារ៉ុក បានសន្យាជំរុញប្រទេសដទៃទៀត ឱ្យគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ជាសមាជិកសង្កេតការណ៍អង្គការកិច្ចសហប្រតិបត្តិការឥស្លាម (Organization of Islamic Cooperation) ដែលហៅកាត់ថា OIC។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការសន្យានេះ បានបង្ហាញឡើងដោយ លោក Nasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ប្រទេសម៉ារ៉ុក នៃព្រះរាជាណាចក្រម៉ារ៉ុក ក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

ក្រសួងការបរទេសបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះបេក្ខភាពកម្ពុជា ជាសមាជិកសង្កេតការណ៍របស់អង្គការកិច្ចសហប្រតិបត្តិការឥស្លាម (OIC) លោក BOURITA បានបញ្ជាក់ថា ម៉ារ៉ុកនឹងជួយជំរុញប្រទេសដទៃឱ្យគាំទ្រកម្ពុជា»

គួរជម្រាបថា OIC បានបង្កើតឡើងនៅឆ្នាំ១៩៦៩ ដែលមានអន្តររដ្ឋប្រទេស ជាសមាជិកចំនួន ៥៧ប្រទេស ដែលជាតំណាងឲ្យប្រជាជនជាង ១ភាគ៥ នៅលើសកលលោក។

អង្គការ OIC ជាអង្គការធំទី២ បន្ទាប់ពីអង្គការសហប្រជាជាតិ UN។ អង្គការនេះ មានប្រទេសអង្គការ ជាអ្នកសង្កេតការណ៍ចំនួន១២ (បូស្នៀ និងហឺហ្សេហ្គោវីណា, សាធារណៈរដ្ឋអាហ្វ្រិកកណ្តាល, ព្រះរាជាណាចក្រថៃ, សហព័ន្ធរុស្ស៉ី, រដ្ឋស៉ីព្រៀតទួរគី, រណសិរ្សរំដោះជាតិម៉ូរ៉ូ (MNLF), សហភាពសភា នៃរដ្ឋជាសមាជិក (OIC -PUOICM), អង្គការសហប្រជាជាតិ (UN), ចលនាមិនចូលបក្សសម្ព័ន្ធ (NAM0, សម្ព័ន្ធរដ្ឋអារ៉ាប់ (LAS), សហភាពអាហ្វ្រិក (AU), និង អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច (ECO)។ ជាមួយគ្នានេះដែរ ក៏មានបេសកជនពិសេសជាតំណាងប្រទេស ចំនួន១១ (កម្ពុជា, សហរដ្ឋអាមេរិក, បារាំង, កាណាដា, ចក្រភពអង់គ្លេស, ស៊ុយអែត, អ៉ីតាលី, អាល្លឺម៉ង់, ក្រិក, អូស្ត្រាលី និងណែតដឺឡែនដ៍)។

កន្លងទៅនេះ កម្ពុជាបានដាក់ពាក្យស្នើសុំ ចូលជាសមាជិកអ្នកសង្កេតការណ៍ OIC ដែលបានប្រជុំនៅប្រទេសកូវ៉ែត។

សូមរំលឹកថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ក្នុងពិធីស្រាយបួសនៃសាសនាឥស្លាមកម្ពុជា នៅឯមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសតែងតាំង លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជាបេសកជនពិសេសរបស់កម្ពុជា ប្រចាំអង្គការ OIC។

បន្ទាប់មកនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ លោកបណ្ឌិត Yousef Al-Othaimeen អគ្គលេខាធិការអង្គការ OIC ក៏បានឆ្លើយតបលិខិតមួយមកកាន់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងកិច្ចស្វាគមន៍អបអរសាទរ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់សេចក្តីទុកចិត្ត តែងតាំង លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជាបេសកជនពិសេសតំណាងកម្ពុជាប្រចាំនៅអង្គការ OIC៕