(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ដ្រីជាន់ខ្ពស់ វគ្គវិក្រឹត្យការមន្ដ្រីគ្រប់គ្រងរដ្ឋបាល និងវគ្គវិក្រឹត្យការមន្ដ្រីមធ្យម ដែលបានបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល ឆ្នាំ២០២១។

ថ្លែងក្នុងឱកាសនោះ លោក ម៉ែន វិបុល បានបញ្ជាក់ថា មន្ត្រីទាំងអស់ត្រូវស្គាល់ប្រវត្តិខេត្តរបស់ខ្លួនឯង ឲ្យបានច្បាស់លាស់ដើម្បីជាគ្រឹះមួយ ក្នុងការបង្ហាញឲ្យអ្នកដទៃបានស្គាល់អំពីប្រវត្តិខេត្តរបស់ខ្លួន និងជាមូលដ្ឋានសម្រាប់អ្នកបន្តវេនជំនាន់ក្រោយផងដែរ។ លោកថា តាំងពីបង្កើតខេត្តស្វាយរៀង នៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៩២២ រហូតដល់ឆ្នាំ២០២២នេះ មានចៅហ្វាយខេត្ត ដែលកាន់តំណែងរាប់បញ្ចូលទាំងរូបលោកផងនោះ មាន៣៣រូបហើយ។

លោកបានបន្ថែមថា មន្ត្រី គឺជាខ្ញុំបម្រើរបស់ប្រជាពលរដ្ឋដោយស្មោះត្រង់ មិនមែនធ្វើជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះឡើយ ព្រោះប្រជាពលរដ្ឋ គឺជាម្ចាស់ឆ្នោតដែលបានគាំទ្រឲ្យយើងដឹកនាំហើយបែរជាចាត់ទុកគាត់ជា ខ្ញុំបម្រើនោះគឺមិនសមរម្យឡើយ ដូច្នេះត្រូវតែដោះស្រាយកង្វល់នានារបស់ពលរដ្ឋនៅមូលដ្ឋាន ឲ្យមានប្រសិទ្ធភាពខ្ពស់ និងមានតម្លាភាព។មួយវិញទៀត មន្ត្រីមិនត្រូវតាំងខ្លួនឯងជាមន្ត្រីជើង១ ០ នោះទេ ហើយក៏មិនមែនជាមន្ត្រីគ្រាប់ល្ពៅនោះដែរ។

លោកបន្ដទៀតថា មន្ត្រីត្រូវដាក់កាលវិភាគឲ្យបានច្បាស់លាស់ កុំអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ដោយមិនដឹងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ គឺត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការដោះស្រាយរាល់ការសំណូមពរ ក៏ដូចជាតម្រូវការរបស់ពលរដ្ឋឲ្យបានទាន់ពេលវេលា ទើបជាមន្ត្រីល្អ។ ជាមួយគ្នានេះ មន្ត្រីទាំងអស់ត្រូវតែមានគុណធម៌ សីលធម៌ និងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងអង្គភាព ត្រូវចេះបែងចែកភារកិច្ចការងារទៅតាមឋានានុក្រមដែលថ្នាក់លើដាក់ជូនមិនត្រូវក្តោប ការងារតែឯងដែលនាំឲ្យមានការថ្នាំងថ្នាក់ពីមន្ត្រីក្រោមឱវាទនោះឡើយ។

លោកអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា កម្មសិក្សាការីទាំងអស់ដែលទទួលបានចំណេះដឹងពីសាលាភូមិន្ទរដ្ឋបាល នឹងយកទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវក្នុងការបម្រើ ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងតួនាទីវិជ្ជាជីវៈរបស់ខ្លួនឲ្យបានល្អ ជៀសវាងការធ្វើឲ្យខុសវិន័យរបស់អង្គភាព៕