(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានថ្លែងការកោតសរសើរចំពោះសមាគមនារី ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្ត ក្នុងការបំពេញកិច្ចការងារ មនុស្សធម៌បានយ៉ាងច្រើន ពិសេសលើស្ត្រី និងកុមារី នារយៈពេលពេញ១ឆ្នាំ២០២១កន្លងទៅ។

ក្នុងឱកាសលោកបណ្ឌិត និងលោក ឡុង ធាម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូកសរុបលទ្ធផលការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្រ្តីខេត្តត្បូងឃ្មុំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ។

លោកបណ្ឌិតអភិបាលខេត្ត បញ្ជាក់បន្ថែមថា សមាគមនារីខេត្តត្បូងឃ្មុំ ពិតជាបានបំពេញនូវការងារបានយ៉ាងល្អ តាមរយៈការងារបញ្ជ្រាបយេនឌ័រតាមវិស័យ និងការតាក់តែងគោលនយោបាយ, ការបង្កើនភាពអង់អាចផ្នែក សេដ្ឋកិច្ចដល់ស្រ្តី, កិច្ចការពារផ្លូវច្បាប់ដល់ស្រ្តីនិងក្មេងស្រី ភាពជាអ្នកដឹកនាំរបស់ស្រ្តី ក្នុងវិស័យសាធារណៈ និងនយោបាយ, ការងារអប់រំ ផ្សព្វផ្សាយ និងបង្កើនការយល់ដឹងជាសាធារណៈ, ការអភិវឌ្ឍធនធានមនុស្ស និងប្រសិទ្ធភាពស្ថាប័ន និងកិច្ចសហការជាមួយអង្គការជាតិ និងអន្តរជាតិ និងជាមួយដៃគូពាក់ព័ន្ធ សំដៅលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី ក៏ដូចជា ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជួយជនរងគ្រោះឱ្យទទួលបានភាពយុត្តិធម៌។

បើតាមលោកស្រី នី ចាន់ធីតា ប្រធានប្រតិបត្តិសាខាសមាគមនារីខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កិច្ចប្រជុំនេះ មានសារៈសំខាន់ណាស់ ដែលអ្នកអនុវត្ត និងអ្នកគាំទ្រថវិកា និងអ្នកពាក់ព័ន្ធផ្សេងទៀត បានចូលរួមពិនិត្យឡើងវិញ នូវចំណុចការអនុវត្តបានទៅតាមផែនការរយៈពេល១ឆ្នាំកន្លងទៅ និងទិសដៅបន្តសម្រាប់អនុវត្តនៅឆ្នាំ២០២២ ដើម្បីទទួលបានជោគជ័យ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍៕