(ភ្នំពេញ)៖ ចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញលោក សេង សុជាតិ បានចេញសេចក្ដីជូនដំណឹងផ្សាយជាសាធារណៈតាមរយៈ បណ្ដាញព័ត៌មាន Fresh News ជូនដល់ជនជាតិចិនម្នាក់ ពាក់ព័ន្ធការអនុវត្តសេចក្ដី សម្រេចរឿងរំលាយកិច្ចសន្យាលក់ចំណែកខុនដូរ បន្ទាប់ពីតុលាការមិនអាចធ្វើការបញ្ជូនដីកាកោះឲ្យចុងចម្លើយ តាមរបៀបការបញ្ជូនដោយបង្គ្រប់កិច្ច និងទុកចោលបាន។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ ចៅក្រមស៉ើបសួរ បានអះអាងថា ចុងចម្លើយក្នុងសំណុំរឿងនេះ ឈ្មោះ TAO SHAO CHENG មានអាសយដ្ឋាននៅ ៨៨-E6 ២១៦ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ខណៈដើមចោទ ឈ្មោះ ក្រុមហ៊ុន ស្ដ្រីង ស៉ី ជេ ដាប់បែលយូរ ឌីវេឡុបមេន។

សាលាដំបូងរាជធានីភ្នំពេញ សូមឲ្យចុងចម្លើយដែលមានឈ្មោះដូចខាងលើ មកទទួលដីកាចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ រៀងរាល់ម៉ោងធ្វើការ ដែលរក្សាទុកដោយលោក អ៊ុ រីណា ក្រឡាបញ្ជីដែលទទួលបន្ទុកសំណុំរឿងនេះ៕