(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ តំណាងអតីតនិស្សិតសេដ្ឋកិច្ច ជំនាន់៨ (១៩៩១-១៩៩៦) បានអញ្ជើញចុះសួរសុខទុក្ខលោកព្រឹទ្ធាចារ្យ ចាន់ វ៉ែន អតីតសមាជិកក្រុមប្រឹក្សារដ្ឋសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅបុរីប៉េងហួតបឹងស្នោ។

ដំណើរសួរសុខទុក្ខនេះ ធ្វើឡើងដោយមានការរួមដំណើរដោយលោក តេង រិទ្ធី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល តំណាងសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត សាខាខេត្តកណ្ដាល និងលោកលោកស្រីមួយចំនួនទៀត។

ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ បានផ្ដាំនូវការគោរពសួរសុខទុក្ខ ពីសំណាក់ក្រុមនិស្សិតសេដ្ឋកិច្ចចំនួន ៨ ក៏ដូចជាយុវវ័យជំនាន់ក្រោយទាំងអស់ នូវការគោរពដឹងគុណចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់លោកព្រឹទ្ធាចារ្យ ដែលបានចូលរួមចំណែកក្នុងការរក្សាការពារប្រទេសជាតិ រំដោះប្រជាជនអោយរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និង បានគោរពដឹងគុណ ព្រមទាំងចាត់ទុកជាវីរបុរសស្នេហាជាតិម្នាក់ សម្រាប់ក្មេងជំនាន់ក្រោយប្រតិបត្តិ និង រៀនសូត្រតាម។

លោក តេង រិទ្ធី ក្នុងនាមលោក ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត, លោកបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគម, និង លោក គង់ សោភ័ណ្ឌ ប្រធានកិត្តិយសសមាគមសាខាខេត្តកណ្ដាល ក៏បានផ្តាំសួរសុខទុក្ខ និង គោរពជូនពរផងដែរ។

ក្នុងឱកាសនេះដែរ លោកនាយឧត្តមសេនីយ៍ ក៏បានពាំនាំនូវថវិការបស់និស្សិតចំនួន ៨ និង សាខាសមាគមក្មេងវត្តខេត្តកណ្ដាល នូវថវិកាចំនួន ២៤៥០ដុល្លារអាមេរិក ព្រមទាំងគ្រឿងសម្ភារៈមួយចំនួនទៀត ជូនដល់លោកព្រឹទ្ធាចារ្យផងដែរ៕