(កំពង់ស្ពឺ)៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម និងដៃគូពាក់ព័ន្ធ ចុះសិក្សាទំនប់ស្ដុកទឹកថ្មីមួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតាសាលសាមគ្គី ស្រុកឱរ៉ាល់។

បើតាមលោកអភិបាលខេត្ត គម្រោងសាងសង់ទំនប់ទឹកស្ទឹងឃ្លៀច នេះបើមិនមានការប្រែប្រួលទេយ៉ាងយូរ អាចនឹងចាប់ផ្ដើមនៅឆ្នាំ២០២៤ ក្នុងនោះមានសមត្ថភាពស្តុកទឹកបានចំនួន១៥០លានម៉ែត្រគូប។

យោងតាមការលើកឡើងរបស់មន្ត្រីជំនាញ បានឲ្យដឹងថា ប្រសិនបើទំនប់នេះសាងសង់រួចអ្នកដែលទទួលផលរួមមាន ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងរាជធានីភ្នំពេញ ប៉ុន្ដែគម្រោងនេះត្រូវទាមទារឲ្យមានការសិក្សាពីមន្ត្រីជំនាញអំពីផលប៉ះពាល់ និងបរិស្ថាននៃទំនប់ជាមុនសិន៕