(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ (ដូសជំរុញ) នៅសាលាខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត តំណាងឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលខិតខំស្វែងរកវ៉ាក់សាំងយ៉ាងច្រើនសម្រាប់ចាក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីការពារខ្លួនឲ្យរួចផុត ពីការឆ្លងរាលដាលនៃកូវីដ-១៩។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម បានចាក់វ៉ាក់សាំងដូសទី១ សរុប ៨៤១,៩៥២នាក់ និងដូសទី២ សរុប ៧០៤,៩៤៧នាក់ និង ដូសទី៣ សរុប៣១៤,៤៤៦នាក់៕