(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកោតសរសើរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ដែលបានផ្តួច ផ្តើមប្រមូលថវិកាបានជាង១លានដុល្លារ និងប្រាក់រៀល ជាង៥៧លានរៀល ជួយសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា នៅខេត្តព្រៃវែង នេះបើយោងតាមចំណារ របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។

នៅក្នុងលិខិតផ្ញើរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ ឲ្យដឹងថា «ក្នុងន័យរួមចំណែកដល់ ការងារមនុស្សធម៌របស់​សាខា កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ខ្ញុំបាទបានផ្តួចផ្តើមរៀបចំពិធីពិសា អាហារសាមគ្គីជាមួយសប្បុរសជន កាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅ សណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីស្វែងរកមូលនិធីគាំទ្រ ដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាខេត្តព្រៃវែង។ តាមរយៈពិធីពិសាអាហារសាមគ្គីនេះ ខ្ញុំបាទបានទទួលថវិកាបរិច្ឆាគ ពីសប្បុរសជនចំនួន ១,១៩២,២១៦ដុល្លារ និងប្រាក់រៀល ចំនួន៥៧,៦០០,០០០រៀល ហើយថវិកាទាំងនេះនឹងយក ទៅបន្ថេមនៅក្នុងពិធី ដែលខ្ញុំនឹងចូលរួមនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ»។

គួរបញ្ជាក់ថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃនឹងអញ្ចើញ ចូលរួមនៅក្នុងពិធីអបអរសាទរ ខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា នៅមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា» ធ្វើនៅសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង៕