(ភ្នំពេញ)៖ ព្រះចៅអធិរាជជប៉ុន Naruhito ទ្រង់សព្វព្រះហឫទ័យប្រទានគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon» (គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវ ឆ្នាំ២០២០) ជូនដល់លោក ឯក សុនចាន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអតីតអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ការទទួលគ្រឿងឥស្សរិយយសនេះ គឺជាការទទួលស្គាល់ការចូលរួមចំណែករបស់លោកលើកការកម្ពស់ចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុង។

ពិធីប្រគល់គ្រឿងឥស្សរិយយសនេះ ត្រូវបានធ្វើក្រោមវត្តមានលោក មិកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូត ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងមន្ត្រីរាជការ និងភ្ញៀងកិត្តិយសជាច្រើនរូបទៀត នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ នៅឯនិវាសនដ្ឋានរបស់ ឯកអគ្គរាជទូតជប៉ុន។

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវការអបអរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះឯកឧត្តមឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលទទួលបានគ្រឿងឥស្សរិយយស The Order the Rising Sun, Gold Rays with Neck Ribbon ពីព្រះចៅអធិរាជជប៉ុន ក្នុងការប្រគល់ជូនឥស្សរជនជនជាតិបរទេសសម្រាប់និទាឃរដូវឆ្នាំ២០២០។ ខ្ញុំពិតជាចង់ប្រារព្ធពិធីប្រគល់នេះឱ្យបានលឿន ប៉ុន្តែដោយសារតែមានការរីករាលដាលនៃមេរោគកូរ៉ូណា ទើបតម្រូវឱ្យយើងធ្វើការលើកពេល»

ឯកអគ្គរាជទូតជប៉ុន បានលើកឡើងពីស្នាដៃរបស់លោក ឯក សុនចាន់ ថាបានចាប់ផ្តើមប្រឡូកក្នុងវិស័យទឹកស្អាតនៅឆ្នាំ១៩៩៣ ដែលនៅពេលនោះលោកត្រូវបានតែងតាំងជាអគ្គនាយករដ្ឋាករទឹកក្រុងភ្នំពេញ។ ពេលនោះលោក ឯក សុនចាន់ មិនមានចំណេះដឹង ឬបទពិសោធន៍ក្នុងវិស័យទឹកស្អាតនោះទេ ចំណែកឯនៅរដ្ឋាករទឹកក៏មានបញ្ហាជាច្រើន ហើយបុគ្គលិកក៏បាក់ទឹកចិត្តក្នុងការបំពេញការងារដែលជាបរិយាកាសដ៏លំបាកមួយសម្រាប់លោក។ ទោះជាស្ថិតក្នុងកាលៈទេសៈបែបនោះក៏ដោយលោកមិនមានការរចុះចាញ់រាថយអ្វីដែរ លោកបានកែលម្អអង្គភាពរបស់រដ្ឋាករទឹកឱ្យមានភាពល្អប្រសើរជាមួយនឹងភាពដឹកនាំដល់ពូកែរបស់លោក និងបានប្រែទីនោះទៅជាទីកន្លែងដែលបុគ្គលិកអាចបំពេញតួនាទីយ៉ាងសកម្ម។

ថ្លែងនៅចំពោះមុខភ្លៀវកិត្តិយសជាច្រើនរូប លោក មិកាមិ ម៉ាសាហ៉ីរ៉ូ, «ទឹក គឺជាហេដ្ឋារចនាសម្ព័ន្ធដែលមិនអាចខ្វះបានសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន ដូច្នេះហើយនៅប្រទេសណាក៏ដោយ តែងតែមានផ្នែករសើបខាងនយោបាយទាក់ទងទៅនឹងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធទឹក ជាពិសេសថ្លៃសេវាទឹក និងការរៀបចំប្រតិបត្តិករទឹក ប្រទេសកម្ពុជាក៏ដូចប្រទេសដទៃទៀតដែរ ប៉ុន្តែឯកឧត្តម ឯក សុនចាន់ ទទួលបានលទ្ធផលយ៉ាងអស្ចារ្យតាមរយៈការបង្ហាញពីសមត្ថភាពដ៏ឆ្នើមរបស់គាត់នៅរដ្ឋាករទឹក និងសកម្មភាពខាងនយោបាយប្រកបដោយភាពឈ្លាសវៃ។

ជាពិសេស មានរឿងមួយនៅពេលឯកឧត្តមបានទៅដំឡើងម៉ែតទឹកនៅផ្ទះឧត្តមសេនីយ៍យោធាម្នាក់ ដែលមានឥទ្ធិពលនៅពេលនោះ ហើយត្រូវបានទាហានយាមផ្ទះគំរាម ដោយប្រើកាំភ្លើង ប៉ុន្តែជាលទ្ធផលនៃការចរចារសស្រាក់សស្រាំ ឯកឧត្តមបានដំឡើងម៉ែត្រទឹកនៅក្នុងផ្ទះរបស់ឧត្តមសេនីយ៍ បានយ៉ាងជោគជ័យ។ រឿងនេះ គឺល្បីល្បាញក្នុងចំណោមជនជាតិជប៉ុន ជារឿងដែលបង្ហាញពីភាពក្លាហាន និងភាពខ្លាំងរបស់ឯកឧត្តម ឯក សុនចាន់»

ជាមួយគ្នានេះដែរ ឯកអគ្គរាជទូតជប៉ុន បានវាយតម្លៃថា ក្រោមការដឹកនាំរបស់លោក ឯក សុនចាន់ និងការគាំទ្រពីអ្នកជំនាញការជាច្រើនពីទីក្រុង Kitakyushu បូករួមការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសជប៉ុន តាមរយៈ JICA អាចសម្រេចបានអត្រាប្រមូលថ្លៃសេវាទឹកស្ទើរតែ ១០០% កាត់បន្ថយអត្រាបាត់បង់ទឹកបានយ៉ាងទាបបំផុត និងគុណភាពទឹកខ្ពស់នៅរាជធានីភ្នំពេញ។ ស្ដង់ដារទាំងនេះ គឺដូចគ្នាទៅនឹងប្រទេសជប៉ុនដែរ ហើយប្រទេសអាស៊ាន ដែលបានឈានដល់ស្ដង់ដារនេះ គឺមានតែទីក្រុងភ្នំពេញ និងប្រទេសសិង្ហបុរីតែប៉ុណ្ណោះ។ ប្រទេសជប៉ុន បានផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដល់កម្ពុជា រហូតមកដល់ពេលនេះក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យទឹក គឺទទួលបានលទ្ធផលលេចធ្លោហើយបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជា។

លោក MIKAMI MASAHIRO បានបញ្ជាក់ថា ទោះបីជាបច្ចុប្បន្នលោក ឯក សុនចាន់ បានចូលនិវត្តន៍ពីជួរមុខនៃរដ្ឋបាលទឹកស្អាត បន្ទាប់ពីបម្រើការជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងបន្ទាប់មកជារដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏ពិតមែនតែលោកបាននឹងកំពុងបន្តខិតខំយ៉ាងសកម្ម ដើម្បីជួយដល់តំបន់ជនបទនៅកម្ពុជា ជាពិសេសនៅតំបន់ដែលមានការលំបាកក្នុងការប្រើប្រាស់ទឹក។

ចំណែកលោក ឯក សុនចាន់ បានថ្លែងថា៖ «ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយយ៉ាងក្រៃលែង នៅពេលដែលបានទទួលដំណឹងថា រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់គ្រឿងឥស្សរិយយស ដែលមានតម្លៃមិនអាចកាត់ថ្លៃបានដល់ខ្ញុំបាទ។ ខ្ញុំក៏ត្រូវបានឱ្យដឹងដែរថា មូលហេតុនៃការផ្តល់គ្រឿងឥស្សរិយយសនេះ គឺដោយសារយើងខ្ញុំបានរួមចំណែកយ៉ាងធំក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ក្នុងវិស័យទឹកស្អាត ព្រមទាំងភាពជាអ្នកដឹកនាំរបស់យើងខ្ញុំដែលបានរួមចំណែកដ៏ធំធេងក្នុងការនាំយកទឹកស្អាតជូនដល់ប្រជាជនរាប់លានអ្នកនៅកម្ពុជា ខ្ញុំបាទរីករាយនឹងទទួលយកនូវកិត្តិយសដ៏ខ្ពង់ខ្ពស់នេះ និងសូមចែករំលែកកិត្តិយសដ៏ឧត្តុងឧត្តមនេះ ជូនដល់សហការីយើងខ្ញុំ ព្រមទាំងមិត្តភក្តិទាំងអស់ ដែលបានមកបំពេញភារកិច្ចអន្តរជាតិ ដោយឃ្លាតឆ្ងាយពីមាតុភូមិ និងបាត់ភាពកក់ក្ដៅនៃគ្រួសាររបស់ពួកគេ ដើម្បីបុព្វហេតុកម្ពុជាយើងខ្ញុំ»

លោក ឯក សុនចាន់ បានបន្តថា តាមពិតទៅវិស័យទឹកស្អាតកម្ពុជា អាចសម្រេចបានដូចសព្វថ្ងៃនេះ គឺដោយសារគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងជំនួយហិរញ្ញប្បទានសម្បទានពីប្រទេសជាមិត្ត ក្នុងនោះជប៉ុនបាននាំមុខគេក្នុងវិស័យទឹកស្អាត។

នាឱកាសនោះដែរ លោក ឯក សុនចាន់ បានគូសបញ្ជាក់ថា «យើងខ្ញុំមានបំណងតែមួយគត់ គឺកសាងសេវាទឹកស្អាតមួយ មានប្រសិទ្ធភាពមិនចាញ់ប្រទេសជិតខាង និងអាចរួមចំណែកលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាជនតែប៉ុណ្ណោះ។ តែទោះជាយ៉ាងណាគ្រឿងឥស្សតិយយសនេះ កាន់តែធ្វើឱ្យយើងខ្ញុំជឿលើពាក្យថា «ធ្វើល្អបានល្អ»។

លោក ឯក សុនចាន់ បានរំឮកថា ក្រោយរបបប្រល័យពូជសាសន៍បានរលំនៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនដែលបានវិលត្រឡប់មកភ្នំពេញវិញ រស់នៅក្នុងស្ថានភាពខ្វះសព្វខ្វះគ្រប់យ៉ាង ពិសេសខ្វះទឹកស្អាតសម្រាប់តម្រូវការចាំបាច់ប្រចាំថ្ងៃរបស់គ្រប់គ្រួសារ មានគ្រួសារតែប្រមាណជា២០% ប៉ុណ្ណោះ ដែលបានទទួលទឹកពីបំពង់ផ្គត់ផ្គង់ដោយរដ្ឋាករទឹកក្រុងភ្នំពេញ ជាមធ្យមតែ៨ម៉ោង ក្នុង១ថ្ងៃតែប៉ុណ្ណោះ។ ទឹកនោះគ្មានសំពាធ និងគ្មានគុណភាពឡើយ។ ស្ថានភាពនេះបង្ខំឱ្យអ្នកខ្វះទឹក ត្រូវទិញទឹកក្នុងតម្លៃខ្ពស់ហួសប្រមាណ។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៤ រដ្ឋាករទឹកមិនមានលទ្ធភាពសងថ្លៃអគ្គិសនី និងគីមីសម្រាប់ផលិតទឹកឡើយ។ មន្ត្រីនិយោជិតរដ្ឋាករទឹកនៅពេលនោះមានប្រាក់បៀវត្សជាមធ្យមត្រឹមតែ១ដុល្លារប៉ុណ្ណោះ ក្នុង១ថ្ងៃ។ និយោជិតភាគច្រើនមិនមានវិន័យ និងស្វែងរកឱកាសដើម្បីប្រព្រឹត្តអំពើរខុសច្បាប់ ដើម្បីជាផលប្រយោជន៍សួនគួរ។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា នៅក្នុងស្ថានភាពដូចនេះហើយ ដែលនៅចុងឆ្នាំ១៩៩៣ យើងបានចាប់ផ្ដើមស្ការ និងអភិវឌ្ឍន៍ទឹកស្អាតនៅភ្នំពេញ គឺនៅក្នុងកាលៈទេសៈដូចនេះហើយ ដែលរដ្ឋាភិបាលជប៉ុន បានមកជួយវិស័យទឹកស្អាតនៅភ្នំពេញ។ ចាប់ផ្តើមពីការកសាងប្លង់មេ ១៩៩៣-២០១០ ដល់គម្រោងសំណង់រូបវន្តប្រកបដោយគុណភាព និងកម្មវិធីកសាងសមត្ថភាពស្ថាប័នរបស់ JICA ដែលបានអនុវត្តដំបូងបង្អស់នៅភ្នំពេញ នៅឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦ និងបន្ទាប់មកបន្តទៅបណ្តាខេត្តរហូតដល់បច្ចុនប្បន្ន។

ប្រជាជននៅភ្នំពេញប្រមាណ៩០% បានទទួលទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និងថ្លៃថោកសមរម្យ ប្រើប្រាស់ ២៤/៧។ គុណភាពទឹកនៅភ្នំពេញ អាចហូបបានតាំងតែពីឆ្នាំ២០០២មក។ ទោះជាថ្លៃទឹកស្អាតទាបជាងបណ្តាប្រទេសជិតខាងក៏ដោយ (លើកលែងតែប្រទេសឡាវ) ក៏ស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋាករទឹកភ្នំពេញរឹងមាំ។

មន្ត្រីនិយោជិតបានទទួលប្រាក់បៀវត្សសមរម្យអង្គភាពបានសង់បំណុលកម្ចីគម្រោងធនាគារពិភពលោក ជូនរដ្ឋាភិបាលមុនកាលកំណត់ ព្រមទាំងត្រូវបានជ្រើសរើសជាអង្គភាពទីមួយបង្អស់ចូលផ្សារមូលបត្រកម្ពុជា នៅខែមេសា ឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០១០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបានទទួលស្គាល់ពីស្ថាប័នអន្តរជាតិធំៗ ជាច្រើន៕