(ព្រះសីហនុ)៖ លោកស្រី អ៊ូ ធីតាពៅ ភរិយាលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកស្រី ម៉ែន ចិន្តា និងស្វាមី នៅព្រឹកថ្ងៃទី២៤ ខែមករានេះ បានអញ្ជើញចូលរួមដាំកូនឈើ កូនផ្កា លម្អសួនច្បារ ក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ដឹកនាំដោយឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ។

ក្នុងឱកាសនោះដែរលោកស្រី អ៊ូ ធីតាពៅ បាននាំយកថវិកា និងបន្លែធម្មជាតិឧបត្ថម្ភផ្ទះបាយកងទ័ពផងដែរ។ ដោយឡែក ឧកញ៉ា ម៉ែន ចិន្តា បានឧបត្ថម្ភកូនឈើ និងកូនផ្កាចំនួនជាង១០០គុម្ព សម្រាប់ដាំលម្អក្នុងទីបញ្ជាការ ជាពិសេសខាងមុខអគារទើបសាងសង់ថ្មី។

ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានផ្តាំផ្ញើតាមរយៈលោកស្រី អ៊ូ ធីតាពៅ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក គួច ចំរើន ដែលតែងតែយកចិត្តទុកដាក់ផ្តល់ទាំងសម្ភារ ថវិកា និងស្មារតីដល់អង្គភាព តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ។

លោកមេបញ្ជាការ ក៏បានគោរពថ្លែងអំណរគុណដល់លោកស្រី ម៉ែន ចិន្តា ដែលផ្ដល់អំណោយកូនឈើ និងកូនផ្កាជាច្រើនដើម និងបាននាំសមាជិកគ្រួសារមកចូលរួមដាំកូនឈើ កូនផ្កា ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន យ៉ាងសប្បាយរីករាយ៕