(កំពង់ឆ្នាំង)៖ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ២៩០គ្រួសារ តាមខ្នងផ្ទះដោយផ្ទាល់ដៃ នៅក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង។

លោក សាន់ យូ សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំផ្លូវទូក តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមជាមួយលោក សំ ចាន់ថន ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង លោក យ៉ែម លក្ខិណា លោក ពុំសុ ផល ថ្នាក់ដឹកនាំបក្សស្រុក រួមនិងថ្នាក់ដឹកនាំបក្សឃុំផ្លូវទូកជាច្រើននាក់ បានចុះចែកអំណោយ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។

នៅក្នុងឱកាសនោះ លោក សាន់ យូ បានសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានផ្ដាំផ្ញើសួរសុខទុក្ខដល់ប្រជាពលរដ្ឋនៅក្នុងឃុំផ្លូវទូកទាំងអស់។ លោកក៏បានសំណូមពរ ប្រជាពលរដ្ឋចូលរួមអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន គឺ៣កុំ និង៣ការពារ ដើម្បីរួមគ្នាទប់ស្កាត់កូវីដ១៩ កុំឲ្យរាលដាលចូលក្នុងសហគមន៍យើង។

ជាមួយគ្នានេះដែរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិតជាមិនភ្លេចទេនូវសុខទុក្ខ និងការជួយដោះស្រាយគ្រប់ការលំបាក និងសំណូមពរនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាក់ស្តែងកន្លងមកដូចជាការជួយជួសជុលលំនៅដ្ឋានជូនប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ដួលរលំផ្ទះជួយកសាង និងជួសជុលផ្លូវលំនៅ ក្នុងឃុំជាដើម។

«មានគណបក្សប្រជាជន គឺមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពសុខដុមរមនាមានជីវភាពថ្កុំថ្កើងរុងរឿង»។ នេះបើតាម លោក សាន់ យូ។

ដោយឡែកនៅក្នុងថ្ងៃនេះដែរ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏បានធ្វើដំណើរចុះតាមខ្នងផ្ទះសួរសុខទុក្ខប្រជាពលរដ្ឋ និងក៏បាននាំមកនូវអំណោយជាស្បៀងអាហារចែកជូនប្រជាពលរដ្ឋទូទៅចំនួន ២៩០ គ្រួសារ នៅក្នុងភូមិថ្នល់ឈើទាលគ្រប់ក្រុមគ្រួសារ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូក្រាម, ទឹកស៉ីអ៉ីវ ១យួរ និងត្រីខ ១០កំប៉ុង។ ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិ២ទៀត គឺភូមិពាមខ្នង និងភូមិស្លត ថ្នាក់ដឹកនាំគណបក្ស នឹងបន្តចុះសួរសុខទុក្ខនិងចែកអំណោយដូចគ្នានេះនៅថ្ងៃក្រោយបន្តទៀត៕