(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះថា លោកបានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ បានបន្ដដឹកជញ្ជូនទឹក យកទៅចែកជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ នៅស្រុកស្វាយចេក និងស្រុកអូរជ្រៅ ព្រមទាំងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «ក្រោមការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ យើងបានបន្តដឹកទឹក ចំនួន៥ឡានយកទៅជូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំស្លក្រាម ស្រុកស្វាយចែក និង២ឡានទៀតទៅមន្ទីពេទ្យមិត្តភាពជប៉ុន។ ចំណែកឯ៥ឡានទៀត នឹងដឹកយកទៅជូនប្រជាពលរដ្ឋនៅឃុំសឹង្ក ស្រុកអូរជ្រៅនៅល្ងាចថ្ងៃនេះ»

សូមបញ្ជាក់ថា នៅថ្ងៃម្សិលមិញ ពីស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ឲ្យមន្រ្តីទាំងអស់ ប្រើយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ មិនត្រូវឲ្យប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្វះទឹកនោះទេ ហើយសម្តេចប្រកាសមិនឲ្យក្រសួងនានា កោះហៅអភិបាលខេត្តឡើងទៅប្រជុំនោះ ដោយទុកពេលវេលាឲ្យអភិបាលខេត្តទាំងអស់ ប្រើយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ៕