(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានចាត់ទុកប្រភពទុនសំខាន់ៗ ៣ ដែលជះឥទ្ធិពលវិជ្ជមានដល់វិស័យដីធ្លី និងសេដ្ឋកិច្ចជាតិ ពិសេសបន្ទាប់ពីវិបត្តិកូវីដ-១៩ រួមមានប្រភពទុនខ្មែរក្នុងស្រុកខ្មែរដែលមានលុយនៅបរទេស និងអ្នកវិនិយោគបរទេស។ លោកបានលើកឡើងបែបនេះនៅក្នុងពិធីបើកសិក្ខាសាលាស្ដីពី «អនាគតនៃវិស័យអចលនទ្រព្យនៅកម្ពុជា» នៅថ្ងៃទី២៣ ខែមករានេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។

អ្នកជំនាញរូបនេះបានពន្យល់ថា នៅដើមឆ្នាំ២០២២ និងឆ្នាំបន្ដបន្ទាប់ទៀតមានមនុស្សជាច្រើនរំពឹងថា អ្នកវិនិយោគចិន និងអ្នកវិនិយោគបរទេសជាច្រើននឹងត្រឡប់មកវិនិយោគនៅកម្ពុជាក្រោយស្ថានភាពកូវីដ-១៩ធូរស្រាល ហើយលោកក៏មិនបដិសេធដែល ចំពោះការមានសុទិដ្ឋិនិយមដូច្នេះដ្បិតលោកក៏រំពឹងដែរតែលោកបានចោទសួរថា តើនរណាគេពិតប្រាកដដែលមានឥទ្ធិពលលើវិស័យដីធ្លីកម្ពុជា?

ត្រង់ចំណុចនេះ លោកបានគូសបញ្ជាក់ថា «បើយើងគិតពីបំពង់ទុយោនៃការបង្ហូរទុនចូលក្នុងវិស័យដីធ្លីយើង គឺមានច្រើនប្រភពយើងមានខ្មែរក្នុងស្រុកខ្មែរដែលដាក់លុយនៅបរទេស យកលុយមកចូលស្រុកវិញហើយនឹងបរទេស។ ទី១៖ ខ្មែរក្នុងស្រុក យើងនិយាយពីអ្នកឧកញ៉ា ឧកញ៉ា អ្នកមានធំៗ បញ្ចេញលុយវិនិយោគអភិវឌ្ឍវិស័យដីធ្លីស្រុកយើង តាមរយៈការសាងសង់ផ្សេងៗ គាត់សង់រោងចក្រ ឃ្លាំង សណ្ឋាគារ អាផាតមិន វីឡា បុរី និងសង់ខុនដូជាដើម។ អ៊ីចឹងគឺទុនរបស់មហាសេដ្ឋី សេដ្ឋី និងអ្នកមានក្នុងស្រុកគឺជាប្រភពទុនសំខាន់បំផុត។

ទី២៖ ទុនរបស់បរទេស មកវិនិយោគនៅស្រុកខ្មែរ។ ពេលដែលយើងនិយាយពីទុនបរទេសមកវិនិយោគស្រុកខ្មែរ យើងត្រូវដឹងថា ចិន គឺលេខ១តែក៏មានលេខ២ លេខ៣ លេខ៤ និងបរទេសជាច្រើនទៀត ដូចជាកូរ៉េ ជប៉ុន សិង្ហបុរី ម៉ាឡេស៊ីជាដើម។ បើចិន មកគឺល្អហើយគ្រាន់តែថា ចិន គឺជាផ្នែកមួយនៃក្រុមអ្នកវិនិយោគបរទេស។ អ៊ីចឹងគឺសំខាន់បើចិនមកវិញហើយបើចិនមកវិញអ្នកផ្សេងៗមកច្រើនទៀតកាន់តែល្អ។

ទី៣៖ ទុនរបស់ខ្មែរដែលផ្ញើលុយនៅស្រុកក្រៅ។ លុយខ្មែរផ្ញើនៅស្រុក្រៅប្រសិនបើអ្នកដែលមានលុយក្រៅស្រុកគាត់បង្វែរទុនមកវិនិយោគនៅស្រុកខ្មែរវិញគឺល្អមានន័យថា យកលុយមកវិនិយោគលើផ្លូវប្រឡាយទឹក កសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ៣ប្រភេទទុនហ្នឹងគឺសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងវិស័យអចលនទ្រព្យកម្ពុជា។ បើមានប្រភពទុន៣នេះ ដំណាលគ្នាគឺសេដ្ឋកិច្ចយើងនឹងល្អហើយយើងអាចនឹងរីកចម្រើនជាច្រើនក្នុងតំបន់នៅលើពិភពលោក»។

សម្រាប់សិក្ខាសាលាខាងលើវិញ នឹងត្រូវរៀបចំរយៈពេល១ថ្ងៃពេញដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ ។ លោកបណ្ឌិត គីម ហ៊ាង បន្ដថាដោយសារក្រុមហ៊ុនខកខានរៀបចំសិក្ខាសាលាបែបនេះ២ឆ្នាំ ព្រោះវិបត្តិកូវីដ-១៩បានធ្វើឲ្យអ្នករកស៊ី និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះចាប់អារម្មណ៍ និងចុះឈ្មោះចូលរួមជាច្រើនរហូតដល់ជិត ៤០០នាក់តែដោយគោរពវិធានការសុខាភិបាលក្រុមហ៊ុនកំណត់អ្នកចូលបានត្រឹម២០០នាក់ប៉ុណ្ណោះ ខណៈបើបើកចូលរួមសេរីលោករំពឹងថា មិនក្រោម១ពាន់នាក់ឡើយ។

តាមរយៈសិក្ខាសាលានេះដែរ លោកសង្ឃឹមថានឹងផ្ដល់ចំណេះដឹង និងព័ត៌មានថ្មីៗ អំពីបច្ចុប្បន្នភាពនៃវិស័យអចលនាទ្រព្យកម្ពុជា និងទៅថ្ងៃអនាគតទាំងការទិញ-លក់ និងការអភិវឌ្ឍជាដើម ពិសេសនឹងធ្វើឲ្យអ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់ពីក្រុមហ៊ុនអាមេរិកនៅកម្ពុជាគឺ KW Cambodia៕