(កោះកុង)៖ លោកទន្តបណ្ឌិត ហោ អូន ប្រធានក្រុមការងារសមាជិកសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានប្រគល់សម្ភារប្រើប្រាស់បរិក្ខា ពេទ្យជាអំណោយរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនរដ្ឋបាលខេត្តកោះកុង ដោយទទួលស្វាមន៍ទទួលដោយ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, លោកវេជ្ជបណ្ឌិតទៅ ម៉ឺង ប្រធានមន្ទីរសុខាភិបាលខេត្ត, លោកវេជ្ជបណ្ឌិត ហៃឡៃ សុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត រួមមន្ត្រីសុខាភិបាលជាច្រើនរូប។

សម្ភារបរិក្ខាពេទ្យនេះ រដ្ឋបាល បានប្រគល់ជូនមន្ទីរសុខាភិបាលបន្ត ក្នុងការលើកស្ទួយផ្នែកវិស័យសុខាភិបាល និងដើម្បីទុកជួយសង្រ្គោះដល់ជនរងគ្រោះ ដែលហាចូលមកសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យ ឬមណ្ឌលសុខភាពនានាក្នុងស្រុក-ក្រុង។

សម្ភារបរិក្ខាពេទ្យ ដែលផ្តល់ជូនរដ្ឋបាលខេត្តមាន៖ ទឹកថ្នាំសម្លាប់មេរោគចំនួន៩៦០លីត្រ អាវក្រណាត់សម្រាប់អ្នកជំងឺចំនួន១ម៉ឺនអាវ, ស្រោមដៃចំនួន១ម៉ឺនគូរ ឈើច្រត់ជនពិកាចំនួន៥គូរ ជើងរៀលដើរមានកង់ចំនួន៥គ្រឿង ជើងរៀនដើរគ្មានកង់ចំនួន២០គ្រឿង និងសម្ភារទាក់ទងការុំ និងថែទាំរបួស សម្ភារជំនួយការពិនិត្យជំងឺទូទៅ និងរោគស្ត្រី សម្ភារជំនួយការងារមន្ទីរពិសោធន៍ រួមនិងសម្ភារបរិក្ខាផ្សេងៗជាច្រើនបន្ថែមទៀត។

លោកទន្តបណ្ឌិត ហោ អូន បានថ្លែងថា ដើម្បីសុខភាព និងការជួយសង្រ្គោះជនរងគ្រោះអាយុជីវិត ប្រជាពលរដ្ឋនៅពេលគាត់ មានបញ្ហាសុខភាព ត្រូវធ្វើការជួយសង្គ្រោះ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងក្នុងលើកកម្ពស់ផ្នែកវិស័យសុខាភិបាល ឲ្យមានល្អប្រសើរឡើង លោកនិងក្រុមការងារបាននាំមកនូវសម្ភារៈបរិក្ខាពេទ្យជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនរដ្ឋបាលខេត្តកោះកុង ក្នុងលើកស្ទួយផ្នែកវិស័យសុខាភិបាល តម្រូវការចាំបាច់ក្នុងជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិតបានបន្តថា ដោយមានការយកចិត្តទុកដាក់ផ្នែកវិស័យសុខាភិបាលលោកបណ្ឌិត ហ៊ន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់សម្ភារបរិក្ខាពេទ្យជូនរដ្ឋបាលខេត្តចំនួន៣ ក្នុងថ្ងៃតែ១គឺខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកោះកុង ហើយសម្ភារបរិក្ខាពេទ្យ គឺមានដូចៗគ្នា។

លោកស្រី មិថុនា ភូថង បានសម្តែងអំណរគុណដ៍ជ្រាលជ្រៅជូនចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការព្យាបាលជួយសង្រ្គោះអ្នកជំងឺក្នុងខេត្ត។

លោកស្រីបានបន្តថា នេះជាសកម្មភាពដ៍មានប្រពៃសម្រាប់ លើកកម្ពស់ផ្នែកវិស័យសុខាភិបាល បង្កើតទំនុកទុកចិត្តពីអ្នកជំងឺទូទៅដែលមកទទួលសេវាសាធារណៈ ក្នុងព្យាបាលក្នុងមន្ទីរពេទ្យ។

លោកស្រីបានបន្ថែមថា ចំពោះបរិក្ខាពេទ្យសម្ភារសម្រាប់ជនពិកា លោកស្រីនឹងបែងចែកទៅតាមមូលដ្ឋាន ឲ្យដល់ដៃជនពិកាដែលគាត់គ្មានរទេះ ឬឈើជ្រត៕