(កំពង់ធំ)៖ លោក សាយ គឹម ឡម អភិបាលស្រុកស្ទោង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងសហការី បានចុះសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះ ដល់ប្រជាពលរដ្ឋបួនគ្រួសារនៅភូមិប្រាសាទ ឃុំ ព្រះដំរី ស្រុក ស្ទោង ខេត្តកំពង់ធំ ដែលត្រូវបានអគ្គិភ័យលេបត្របាក់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ កន្លងមកដោយសារឆ្លងចរន្តអគ្គិសនី។

ថ្លែងនៅក្នងឱកាសនោះ លោកបានរួមសោកស្ដាយ ចំពោះគ្រួសារបងប្អូនប្អូនរងគ្រោះ ដោយសារអគ្គីភ័យ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើបញ្ហាអគ្គិភ័យឲ្យបានគ្រប់ពេលវេលា។

អភិបាលស្រុក ក៏បានសម្តែងនូវសមានុចិត្តសោកស្តាយ និងចូលរួមរំលែកទុក្ខម្ចាស់ផ្ទះ ទាំងបួនគ្រួសារខាងលើ ដោយលោកបានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំស្រុក មិនចង់ឃើញមិនចង់លឺ នូវឧបត្វហេតុដ៏កាចសាហាវនេះ កើតមានឡើងឡើយ។

ជាមួយគ្នានេះផងដែរ លោកក៏បានពាំនាំនូវការផ្តាំការសួសុខទុក្ខ របស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងលោក ងួន រតនៈ អភិបានខេត្តកំពង់ធំ ដែលលោកតែងតែយកចិត្តទុកដាក់ ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ។

លោកបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋគ្រប់គេហដ្ឋាន ត្រូវត្រួតពិនិត្យមើលប្រព័ន្ធអគ្គិសនី ភ្លើងចង្ក្រាន និងប្រភពចំហេះផ្សេងៗទៀត ឲ្យបានហ្មត់ចត់មុននឹងចូលនិទ្រា ឬចាកចេញក្រៅផ្ទះ ដើម្បីបង្ការអគ្គិភ័យទាំងអស់គ្នា។

គួរបញ្ជាក់ថា ម្ចាស់ផ្ទះទាំងបួនខាងលើម្នាក់ៗ ទទួលបានថវិកា២៧ម៉ឺនរៀល អង្ករ៥០គីឡូក្រាម ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀត៕