(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរចំនួន២១នាក់ ក្នុងនោះមានស្រី១០នាក់ និងកុមារម្នាក់ ត្រូវបានកម្លាំងអន្តរាគមន៍វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកម្លាំងនគរបាល ការពារព្រំដែនគោកលេខ៨១៥ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិឈើទាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដេលបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់។

ការឃាត់ខ្លួនបានពលករខ្មែរបានជាបន្តបន្ទាប់នេះ ដោយមានការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។ លោកបានដាក់បទបញ្ជារយ៉ាងតឹងរឹងការពារនៅតាមបន្ទាត់ព្រំដែន ក្នុងការរឹតបន្តឹង សន្តិសុខព្រំដែនទប់ស្កាត់ពលករលួចឆ្លងដែន ជាពិសេសបានចាត់តាំងកម្លាំងចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ចាប់ខ្លួនបញ្ជូនឱ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ១៩ កុំឱ្យឆ្លងចូលជាសហគមន៍ កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ តែងតែយកចិត្តទុកដាក់អនុវត្ត តាមបទបញ្ជាថ្នាក់លើទាំង៣ទិស ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាងប៉ោយប៉ែត និងទិសម៉ាឡៃ បានសហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួត ពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ពលករ ឆ្លងដែនខុសច្បាប់។

ក្រោយពីឃាត់ខ្លួនបាន លោកបានណែនាំដល់ប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ដែលតែងតែបញ្ចុះបញ្ចូលនាំពលករឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូល រួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានទាំងអស់គ្នា និងបានប្រគល់ពួកគាត់ឱ្យទៅនគរបាលព្រំដែនគោកលេខ៨១៥ ចាត់ការទៅតាមផ្លូវច្បាប់បន្ត៕