(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល និងថ្នាក់សាខាខេត្តកែប នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានរៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពី «សារៈប្រយោជន៍នៃការយល់ដឹង ពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក និងកុមារ ពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩» ជូនដល់ស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនរួច សរុបចំនួន ៣៥នាក់។

ពិធីនេះប្រព្រឹត្តទៅនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកែប ក្រោមវត្តមាន លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ និងឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្តកែប។

នាឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។

លោកស្រីបានគូសបញ្ជាក់ថា «ការផ្សព្វផ្សាយនេះគឺជាការដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលជាស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនហើយ ឱ្យយល់ដឹងអំពីសារប្រយោជន៍ក្នុងថែរក្សាសុខភាព មុនពេលសម្រាល និងក្រោយពេលសម្រាល ក្នុងបរិបទកូវីដ-១៩ និងសូមស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញក្នុងការទទួលវ៉ាក់សាំង ដើម្បីបង្កើតភាពស៊ាំក្នុងខ្លួនសម្រាប់ការពារខ្លួនពីជំងឺកូវីដ-១៩»

បន្ទាប់ពីបញ្ចប់ការងារផ្សព្វផ្សាយរួច ក្រុមការងារ បានចុះសួរសុខទុក្ខស្ត្រីទើបសម្រាលកូនរួចដល់ខ្នងផ្ទះចំនួន ២គ្រួសារ រស់នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែបផងដែរ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៣៥គ្រួសារ និង២គ្រួសារដល់ខ្នងផ្ទះ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកសុទ្ធ ១កេស, អាវរងា ១, ភួយ១, ជែល ១ដប, សាប៊ូ ១ដុំ, ម៉ាស ១០បន្ទះ និងថវិកា ៥ម៉ឺនរៀល៕