(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ស្តីពី «ផែនការអភិវឌ្ឍសាខា តាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា» ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា-អនុសាខាសរុបចំនួន២១នាក់ ដែលកិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពត កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ ក៏បានអញ្ជើញបន្តបើកកិច្ចប្រជុំ ជាមួយគណៈកម្មាធិការសាខា-អនុសាខា នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកែប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តកែបផងដែរ។

លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា ក្រុមកាកបាទក្រហមកម្ពុជាតាមឃុំ និងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ដែលបាននិងកំពុងធ្វើសកម្មភាពក្នុងការជួយសម្រាលការលំបាក ជូនប្រជាពលរដ្ឋ ដែលត្រូវការជំនួយពីកាកបាទក្រហមកម្ពុជា ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»

ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការរងទី១ បានធ្វើបទបង្ហាញស្តីពីយុទ្ធសាស្ត្រ២០២១-២០៣០ និងលើកឡើងនូវទិសដៅសំខាន់ៗ និងវិស័យអាទិភាពទាំង៤ ក្នុងយុទ្ធសាស្ត្រ និងរួមបញ្ចូលការងារអាទិភាពនៃសកម្មភាពក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដើម្បីសាខាត្រៀមរៀបចំផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ ក្នុងការពង្រឹងសមត្ថភាព និងធ្វើបច្ចុប្បន្នភាពក្នុងការអនុវត្តការងារ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អ បានទាន់ពេលវេលា។

បន្ថែមពីនេះ លោកស្រីអគ្គលេខាធិការរងទី១ បានបង្ហាញពីសារបានរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងតួនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ និងជំរុញឱ្យក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា ឱ្យយល់កាន់តែច្បាស់ពីការងារនេះ ដើម្បីលើកកម្ពស់សុខភាព មាតា ទារក និងកុមារ និងការឈានទៅការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥៕