(ស្វាយរៀង)៖ មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង និងសាលាគណខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានរៀបចំកម្មវិធីកាត់បើកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា នាសម័យប្រឡងថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២២។

ការកាត់បើកវិញ្ញាសាប្រឡង បានធ្វើឡើងក្រោមនិមន្តពី ព្រះធម្មកិច្ចមុនី រស់ ឌី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្តស្វាយរៀង តំណាងព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង នៅមណ្ឌលប្រឡងខេត្តស្វាយរៀង ស្ថិតនៅវត្តជម្ពូព្រឹក្សា ក្រុងស្វាយរៀង និងមានការចូលរួមពី លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង លោកស្រី អឿន សម្បត្តិ ប្រតិភូតិតំណាងក្រសួងធម្មការ និងសាសនា ដោយមានការនិមន្ត ពីសមាសភាពគណម្មាធិការប្រឡងផងដែរ។

លោក ទីវ សុភា បានឲ្យដឹងថា ឆ្នាំនេះការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា មាន ១មណ្ឌល ស្ថិតនៅវត្តជម្ពូព្រឹក្សា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានបេក្ខសមណ:បានដាក់ពាក្យប្រឡងចំនួន ១៥៧អង្គ-នាក់ ស្មើនឹង៧បន្ទប់។

លោកបានជំរុញ បេក្ខសមណៈសិស្សទាំងអស់ ត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីប្រលងជាប់ទាំងអស់គ្នា។ ជាពិសេសត្រូវគោរពតាមលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុងនៅពេលប្រឡងឲ្យបានខ្ជាប់ខ្ជួន ចៀសវាងនាំឱ្យខុសវិន័យ នាំឲ្យខាតពេលវេលាផងដែរ៕