(ក្រចេះ)៖ លោក ឆាន់ សាផាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានស្រុកឆ្លូង និងលោក ស្រី គាត កុលណី តំណាងលោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងចែករង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រលង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅវិទ្យាល័យសិលាវេទី គាត ឈន់ ស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។

ក្នុងឱកាសនោះ លោក ឆាន់ សាផាន ក៏បាននាំការផ្ដាំផ្ញើរសួរសុខទុកពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ដែលសម្តេចទាំងពីរតែងតែគិតគួរចំពោះសុខទុក្ខ និងតម្កល់ធនធានមនុស្សជាអាទិភាពទី១ បន្ទាប់ពី ផ្លូវ ទឹក និងភ្លើង។

លោកក៏បានកោតសរសើរដល់លោកនាយក លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការបង្រៀនក្មួយៗរហូតទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងខេត្តក្រចេះ។ លោកក៏បានជំរុញ ដល់សិស្សានុសិស្សទាំងអស់ត្រូវបន្តសិក្សាស្រាវជ្រាវ ចូលរៀនបន្តនៅថ្នាក់ឧត្តមសិក្សា ដើម្បីឈានសម្រេចបំណង់ប្រាថ្នា នាថ្ងៃអនាគត និងដើម្បីក្លាយជាធនធានមនុស្សចូលរួមអភិវឌ្ឍន៍ កសាងប្រទេសជាតិ។

លោក ឡាយ ប៉ូរា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ថា ខេត្តក្រចេះ មានមណ្ឌលប្រឡង ចំនួន០៤ បន្ទប់ប្រឡងចំនួន៨០។ បេក្ខជនប្រឡងជាប់ ចំនួន១២៨៥នាក់ ស្រី៧៧១នាក់ ស្មើនឹង៦៧.៦៦%។ ក្នុងនោះ និទ្ទេស A ចំនួន៤៥នាក់ ស្រី២៩នាក់, B ចំនួន១៣០នាក់ ស្រី៩០នាក់, C ចំនួន២៣៣នាក់ ស្រី១៣៦នាក់, D ចំនួន៤៩៧នាក់ ស្រី២៥៤នាក់ និង E ចំនួន៤៧៤នាក់ ស្រី២៦២នាក់។

គួរបញ្ជាក់ផងដែរ សម្រាប់សិស្សដែលជាប់និទ្ទេស A នៃវិទ្យាល័យសិលាវេទីគាត ឈន់ ចំនួន១៦នាក់ ទទួលបានថវិកា ១ពាន់ដុល្លារ, B ចំនួន១០០ដុល្លារ, C ចំនួន៥០ដុល្លា ហើយចំពោះសិស្សនិទ្ទេស D និងE ទទួលបានថវិកា ចំនួន២៥ដុល្លារផងដែរ៕