(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការ មជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC) បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការ PPIC ក្នុងគោលបំណងសិក្សាលម្អិតពីគម្រោងប្លង់មេ ដើម្បីអភិវឌ្ឍន៍បរិវេណមជ្ឈមណ្ឌលនេះបន្ថែមទៀត ឲ្យទទួលបានមកវិញនូវប្រភពសេដ្ឋកិច្ចសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាមកម្ពុជា និងដើម្បីបម្រើសង្គមកិច្ច សាសនា អប់រំ និង វិស័យផ្សេងៗទៀត។

កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីព្រឹក្សារាជរដ្ឋាភិបាល លោក លោកស្រី ដែលជា ប្រធាន-អនុប្រធាន សមាជិក សមាជិកា នៃមជ្ឈមណ្ឌលឥស្លាមភ្នំពេញផងដែរ។

លោក អូស្មាន ហាស្សាន់ បានលើកឡើងថា «ទីតាំងមជ្ឍមណ្ឌលឥស្លាមភ្នំពេញ ដែលមានព្រះវិហារឥស្លាមអាល់សារកាល់បឹងកក់ភ្នំពេញស្រាប់ ហេីយនឹងត្រូវអភិវឌ្ឍបរិវេណនេះ ឲ្យទទួលបានមកវិញនូវប្រភពសេដ្ឋកិច្ចសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាមកម្ពុជា លើវិស័យមួយចំនួន ពិសេសក្នុងការផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិត កុមារកំព្រា និងផ្គត់ផ្គង់ ប្រជាជនចាស់ជរា អ្នកទីទ័លក្រ ជាដើម»

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលឥស្លាមភ្នំពេញ ដែលមានឈ្មោះជាអក្សរឡាតាំង Phnom Penh Islamic Center និងមានទីតាំងស្ថិតនៅបរិវេណវិហារអន្តរជាតិអាល់សារកាល់បឹងកក់ភ្នំពេញ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបម្រើសង្គមកិច្ច សាសនា អប់រំ និង វិស័យផ្សេងៗទៀត៕