(ភ្នំពេញ)៖ លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈវេទិកាសន្និសីទសារព័ត៌មាន បានបង្ហាញអំពីអត្ថន័យផ្សេងគ្នារវាងថ្ងៃជ័យជម្នះ ៧មករា និងថ្ងៃរំលឹកដល់ទិវានយោបាយឈ្នះឈ្នះ ២៩ធ្នូ ដែលទើបដាក់បញ្ជូលក្នុងប្រតិទិន តែមិនតម្រូវឲ្យឈប់សំរាកឡើយ។

លោក ផៃ ស៉ីផាន បានអះអាងថា ថ្ងៃ៧មករា ជាថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់ ហើយថ្ងៃនេះមានតម្លៃជាសកលសម្រាប់មនុស្សជាតិ។ លោកថា ប្រសិនបើគ្មានថ្ងៃរំដោះ៧មករានោះទេ ប្រហែលប្រជាពលរដ្ឋខ្មែរអាចនៅសល់តិចជាងសព្វថ្ងៃនេះ។ មួយវិញទៀត ក៏ប្រហែលគ្មានអ្នកណាម្នាក់អាចរត់រួចទៅដល់សហរដ្ឋអាមេរិកនោះដែរ។

ដោយឡែក សម្រាប់ថ្ងៃ២៩ធ្នូវិញ គឺជាការរំលឹកដល់ទិវានយោបាយឈ្នះឈ្នះ នៃការបង្រួបបង្រួមជាតិស្វែងរកសន្ដិភាពពេញផ្ទៃប្រទេស ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាអគ្គស្ថាបនិក។ បើតាមលោក ផៃ ស៉ីផាន ទិវានយោបាយឈ្នះឈ្នះនេះ មានតម្លៃជាប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា ព្រោះជាង៥០០ឆ្នាំមកហើយ កម្ពុជាមិនដែលមានការឯកភាពទឹកដីនោះទេ ប៉ុន្ដែចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កម្ពុជាគ្មានតំបន់ត្រួតត្រាច្រើនទៀតឡើយ ពោលស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលតែមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញាតែមួយ។

លោក ផៃ ស៉ីផាន បានប្រៀបធៀបទៀតថា ថ្ងៃទី២៩ ខែធ្នូ ដែលជាការរំលឹកដល់ទិវានយោបាយឈ្នះឈ្នះ ប្រៀបដូចថ្ងៃទី០៤ ខែកក្កដា ដែលជាថ្ងៃឯករាជ្យរបស់សហរដ្ឋអាមេរិកដូច្នោះដែរ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារាចរណនាំមួយ ស្តីពីការកំណត់យកទិវានយោបាយឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ បញ្ចូលទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក។ សារាចរនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

តាមសារាចរណែនាំបានឲ្យដឹងថា អស់រយៈពេល២៣ឆ្នាំកន្លងមក ព្រះរាជាណាចក្រកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការ បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ តាមរយៈ នយោបាយឈ្នះ ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាល សង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលសង្គ្រាមផង ចរចាផង រហូតដល់ការលេចឡើងនៃវត្តមានរបស់នយោបាយឈ្នះ ឈ្នះ ។ ដើម្បីដឹងគុណ កត្តញ្ញូ និងចងចាំគុណូបការៈដ៏ថ្លៃថ្លានេះ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចតទៅ៖

១៖ គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវកំណត់យកទិវានយោបាយ ឈ្នះ ឈ្នះថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក ចាប់ពីឆ្នាំ២០២២តទៅ ។

២៖ គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវរៀបចំចងបដា ពាក្យស្លោក ដើម្បីអបអរសាទរទិវានយោបាយឈ្នះឈ្នះ ដែលមានខ្លឹមសារថា «អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការ ឯកភាពជាតិពេញលេញ!»