(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅទទួល ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឬចាក់ដូសជំរុញឲ្យបានគ្រប់ៗគ្នា នៅមណ្ឌលសុខភាពទួលស្វាយព្រៃ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ជិតសាខាកាកបាទក្រហមរាជធានីភ្នំពេញ។

ការអំពាវនាវបែបនេះ របស់លោកអភិបាលខណ្ឌបឹងកេងកង ធ្វើឡើងខណៈលោកចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទៅផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន៣០គ្រួសារ នៅសង្កាត់អូឡាំពិក ដើម្បីទុកដោះស្រាយជីវភាពប្រចាំថ្ងៃ។

ពិធីនេះក៏មានការចូលរួមពីលោកស្រី គឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង និងលោកស្រី សុិន រតនា អភិបាលរងខណ្ឌបឹងកេងកង និងជាអនុប្រធានសាខា កាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង ព្រមទាំងលោកចៅសង្កាត់ និងអស់លោក លោកស្រី មន្រ្តីសាលាខណ្ឌ សាលាសង្កាត់ជាច្រើនរូបទៀត។

នាឱកាសនេះលោក ធឹម សំអាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រ ទាំងអស់ដោយក្តីនឹករលឹក។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានគូសបញ្ជាក់ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ចទៅដល់បងប្អូនប្រជាជន ទោះបីស្ថិតក្នុង ស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាពលរដ្ឋជួបការលំបាកខ្វះខាតនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែ មានវត្តមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជានៅពេលនេះ គឺសម្តេចទាំងទ្វេរ នឹងមិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀង ឬអត់អាហារនោះឡើយហើយ សកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាឡើយ។

ជាមួយគ្នានេះ លោក ធឹម សំអាន បានលើកឡើងក្នុងន័យគិតគូរអំពីសុខទុក្ខ ចំពោះបងប្អូនប្រជាជនទូទៅ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងអស់ សូមអោយបងប្អូនបន្តចូលរួមអនុវត្តន៍ ចំពោះវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា និង ជាពិសេសអ៊ំចាស់ៗ ត្រូវថែទាំសុខភាពផងដែរ ហើយសូមអោយបងប្អូនទៅចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ នូវដូសទី៤ នៅមណ្ឌលសុខភាពទួលស្វាយព្រៃអោយបានគ្រប់ៗគ្នាផងដែរ៕