(ស្វាយរៀង)៖ ឆ្លើយទៅនឹងការអំពាវនាវរបស់រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២២នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនក្នុងខេត្តរួមមាន តំណាងតំបន់សេដ្ឋកិច្ចពិសេសតាយសេង តំណាងតំបន់សេដ្ឋកិច្ចពិសេសមែនហាតធេន និងតំណាងតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសស៍ ចូលជួបសម្តែងការគួសម និងឧបត្ថម្ភថវិកាដល់រដ្ឋបាលខេត្តសម្រាប់ទិញម៉ូតូ និងសម្ភារផ្សេងៗ ផ្តល់ជូនសិស្សដែលប្រឡងជាប់និទ្ទេស A ចំនួន ២៦នាក់ មកពីវិទ្យាល័យនានា នៅក្នុងខេត្ត។

ពិធីនេះមានចូលរួមពីសំណាក់លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន និងសប្បុរជននានាដែលកន្លងមកតែងតែចូលរួមឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តទៅតាមការអំពាវនាវជាបន្តបន្ទាប់ ជាក់ស្តែងដូចជាការចូលរួមឧត្ថម្ភគាំទ្រដល់សិស្សប្រឡងជាប់និទ្ទេស A នាពេលនេះជាដើម។

សូមបញ្ជាក់ថា ខេត្តស្វាយរៀង មានបេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន២៦នាក់ ហើយដោយសារប្រទេសកម្ពុជា ជួបនឹងជំងឺកូវីដ១៩ រាតត្បាតរាលដាល នៅក្នុងសហគមន៍ទើបអាក់ខានប្រឡងយកសញ្ញាបត្រទុតិយភូមិ។ ដោយឡែកនៅឆ្នាំសិក្សា២០២១-២០២២នេះ រដ្ឋបាលខេត្តស្វាយរៀង បានផ្តល់រង្វាន់ឧបត្ថម្ភម៉ូតូសាជាថ្មីដល់សិស្សដែលជាប់និទ្ទេស A៕