(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានស្នើឱ្យ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាអនុប្រធានគណបក្សហ៊្វុនស៊ិន ត្រូវធ្វើការសម្របសម្រួលផ្ទៃក្នុងគណបក្ស ដើម្បីរៀបចំសមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សឱ្យស្របតាមលក្ខន្តិកៈ។ នេះបើតាមលិខិតរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើទៅកាន់ព្រះអង្គម្ចាស់ចក្រវុធ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ។

ក្នុងលិខិតនេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានទទួលរួចហើយនូវសេចក្ដីសម្រេចលេខ០៤៥ ហសប ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ របស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ស្របតាមប្រការ៥៩ថ្មី នៃលក្ខន្តិកៈ គណបក្ស។

«ដូច្នេះ ក្រសួងមហាផ្ទៃស្នើឱ្យព្រះអង្គម្ចាស់ ត្រូវធ្វើការសម្របសម្រួលផ្ទៃក្នុងគណបក្ស ដើម្បីរៀបចំសមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សឱ្យស្របតាមខ្លឹមសារប្រការ១៦ ប្រការ១៧ថ្មី ប្រការ១៩ ប្រការ២០ ប្រការ២៤ និងប្រការ៣៥ នៃលក្ខន្តិកៈគណបក្សតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា១៨ថ្មី នៃ ច្បាប់ស្តីពីគណបក្សនយោបាយផងដែរ»។ នេះបើតាម លិខិតរបស់សម្តេចក្រឡាហោម ស ខេង៕