(ភ្នំពេញ)៖ មេឃុំម្នាក់នៅខេត្តកំពង់ធំ បានអះអាងជាសាធារណៈថា ប្រជាពលរដ្ឋរបស់ខ្លួនសប្បាយរីករាយ និងពេញចិត្ត ចំពោះការបម្រើសេវាសាធារណៈផ្សេងៗជូនដល់ពួកគាត់ ដោយមិនខ្វល់រឿងលុយកាក់ និងថ្ងៃឈប់សម្រាកសៅរ៍ អាទិត្យនោះឡើយ។

មេឃុំរូបនោះ គឺលោក គៀង សេងគី ជាមេឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានលើកឡើងតាមរយៈសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ «វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅបន្ដរបស់ខេត្តកំពង់ធំ»

លោកបានបញ្ជាក់ទៀតថា អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោកពេញចិត្តចំពោះការបម្រើសេវានេះ គឺក្រុមប្រឹក្សាឃុំមិនទាមទារប្រាក់ក្រៅផ្លូវការទាំងអស់ សូម្បីតែលិខិតស្នាមផ្សេងៗ និងការខិតខំប្រឹងប្រែងដោះស្រាយជម្លោះដោយគ្មានអ្នកឈ្នះ អ្នកចាញ់នោះឡើយ។

មេឃុំដែលមានបទពិសោធន៍ក្នុងការកាន់តំណែងនេះជាង៣០ឆ្នាំ បានលើកឡើងបែបនេះថា «យើងសង្កេតឃើញថា បច្ចុប្បន្នប្រជាពលរដ្ឋនៅឃុំរបស់ខ្ញុំមានការពេញចិត្ត។ ពេញចិត្តនេះធ្វើឡើងតាមរយៈកិច្ចប្រជុំ និងវេទិកាផ្សេងៗ ដែលពួកគាត់តែងលើកឡើងអំពីភាពពេញចិត្តរបស់គាត់»

លោកបន្ថែមថា ចំពោះមន្ដ្រីវិញក៏មានភាពចុះសម្រុះគ្នាក្នុងការបំពេញកិច្ចការងារ ជាពិសេសស្មៀន គឺបម្រើការងារដោយស្ដាប់តាមការណែនាំរបស់មេឃុំ ហើយស្មៀនបានអនុវត្តយ៉ាងត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់គាត់ និងមិនហ៊ានធ្វើអ្វីរំលងក្រុមប្រឹក្សាឃុំនោះឡើយ។ លោកថា ជាសំណាងឃុំរបស់ខ្លួនដែលមិនមានបញ្ហាជាមួយស្មៀន ខណៈឃុំខ្លះបានជួបបញ្ហានេះ។

បើតាមលោក គៀង សេងគី ជារៀងរាល់ខែក្រុមប្រឹក្សាឃុំតែងតែជួបប្រជុំជាមួយប្រជាពលរដ្ឋ ហើយបើកឱកាសឲ្យប្រជាពលរដ្ឋលើកឡើងអំពីតម្រូវការ និងបញ្ហាប្រឈមរបស់ពួកគាត់ ដើម្បីដាក់ជូនអាជ្ញាធរដោះស្រាយ ដូច្នេះហើយមន្ដ្រីដែលជាអ្នកបម្រើប្រជាពលរដ្ឋមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាស់នោះឡើយ។ លោកបន្ដថា លោក និងមន្ដ្រីមូលដ្ឋាន បម្រើប្រជាពលរដ្ឋដោយមិនខ្វល់ថ្ងៃឈប់សម្រាក សៅរ៍ អាទិត្យនោះឡើយ ពោលនៅពេលពលរដ្ឋត្រូវការពេលណា លោកបម្រើជូននៅពេលនោះ។

យ៉ាងណាក៏ដោយ លោកក៏បានប្ដេជ្ញាចិត្តថា ក្រុមប្រឹក្សាឃុំត្បូងក្រពើ នឹងខិតខំយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយមានវត្តមាននៅសាលាឃុំជានិច្ច ដើម្បីរង់ចាំបម្រើប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព មិនឲ្យមានការយឺតយ៉ាវ និងរាំងស្ទះឡើយ។ ក្នុងនោះ បានរៀបចំវេទិកាក្នុងការចុះជួបប្រជាពលរដ្ឋជារៀងរាល់ខែ ដើម្បីទទួលយកសំណូមពរ និងសង្កេតមើលបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដោយផ្ទាល់ ព្រមទាំងដោះស្រាយផងដែរ៕