(ភ្នំពេញ)៖ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌឫស្សីកែវ និងជាប្រធានស្ដីទី អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ បានបន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភពលរដ្ឋ ដែលជួបការខ្វះខាត និងមានជំងឺ នៅសង្កាត់ទួលសង្កែទី២។

ស្ថិតនៅក្នុងសកម្មភាពមនុស្សធម៌ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ម្សិលមិញ លោកស្រី សួស សូលីដា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋថា ដើម្បីកាត់បន្ថយការចម្លងជំងឺកូវីដ១៩ ទៅកាន់គ្រួសារ និងអ្នកដទៃ ចាំបាច់ទាមទារឱ្យមានការចូលរួមគ្នារក្សាអនាម័យ តាមរយៈការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ក្រោយពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន និងដូសជុំរុញ ដើម្បីឈានទៅកាត់ផ្ដាច់ការចម្លងជំងឺរាលដាលចូលក្នុងសហគមន៍ ដែលសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា សម្រាប់អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលប្រជាពលរដ្ឋជួបការខ្វះខាត និងមានជំងឺបានទទួលក្នុងការសម្រាលដល់ជីវភាពមួយចំនួន ពីក្រុមការងារអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ រួមមាន៖ ក្នុង១គ្រួសារ មានអង្ករ២៥ គីឡូ, មី, ទឹកត្រី, ទឹកស៊ីអុីវ, ត្រីខ និងថវិកាមួយចំនួនផងដែរ៕