(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានជុំរុញឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណាពន្លឿនការសិក្សាផលប៉ះពាល់ និងការអភិវឌ្ឍន៍គម្រោងស្ថាបនាតាមផ្លូវដែក ប្រឡាយបាក់ទូក ប្រឡាយអូរវែង និងប្រឡាយស្ទឹងកំបុត ដែលត្រូវអនុវត្តឱ្យបានមុនការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ តាមផែនការដឹកនាំពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន បានជុំរុញឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណាពន្លឿនការងារអភិវឌ្ឍន៍ និងការសិក្សាផលប៉ះពាល់គម្រោងស្ថាបនាតាមផ្លូវដែក ប្រឡាយបាក់ទូក ប្រឡាយអូរវែង និងប្រឡាយស្ទឹងកំបុតយ៉ាងដូច្នេះ ធ្វើឡើងដោយមានការចូលរួមពីលោក លីន ញ៉ក់ និងលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ អធិការរងនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ ប្រធាន អនុប្រធានការិយាល័យជុំនាញពាក់ព័ន្ធ ចៅសង្កាត់ និងមេភូមិមួយចំនួនទៀត ក្នុងកិច្ចប្រជុំមួយ នៅសាលាខណ្ឌ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំនេះ លោក ឯក ឃុនដឿន បានសង្កត់ធ្ងន់ស្នើឱ្យការិយាល័យពាក់ព័ន្ធធ្វើយ៉ាងណាជាមួយអាជ្ញាធរសង្កាត់ ត្រូវមានរបាយការណ៍វឌ្ឍនៈភាព និងចំណុចសេសសល់ ដើម្បីគណៈអភិបាលខណ្ឌជួយដោះស្រាយបានលឿន និងអាចសុំគោលការណ៍និមួយៗទៅសាលារាជធានីភ្នំពេញ ក្នុងការសម្រេច ក្រោយពីប្រជាពលរដ្ឋ តំបន់១៧៧គ្រួសារ (តំបន់អភិវឌ្ឍន៍ឫស្សីកែវ) ក្នុងភូមិទួលពពែ បានប្រកាស់តំបន់វិនិច្ឆ័យជាលក្ខណៈប្រព័ន្ធ និងតំបន់៦៥គ្រួសារផ្សេងទៀត ក៏ត្រូវបានដោះស្រាយបញ្ចប់ ហើយក៏កំពុងបន្តនិតិវិធីចុះបញ្ជីជាលក្ខណៈប្រព័ន្ធ រួមទាំងតំបន់មួយចំនួនទៀត ដែលត្រូវប្រមូលរាល់ឯកសារពាក់ព័ន្ធទៅនឹងសេចក្ដីសម្រេចនានា តាមកិច្ចប្រជុំចុងក្រោយ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តការដោះស្រាយឱ្យបានឆាប់ និងឈានទៅបញ្ចប់រាល់ទំនាស់ទាំងឡាយ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដែលជាលទ្ធផលបងប្អូនប្រជាពលរដ្ឋភាគច្រើនបានស្ម័គ្រចិត្តអនុវត្តតាមគោលការណ៍ របស់សាលារាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន បន្តថា ទាក់ទងទៅនឹងតំបន់ប្រឡាយ អាងស្តុក ដែលយើងទាំងអស់គ្នាបានធ្វើការចាក់ដីបុកស៊ីផាយនៅប្រឡាយអូរវែង ពេលនេះកំពុងតែសម្របសម្រួលធ្វើផ្លូវអមប្រឡាយ ហើយនិងឈានទៅពុះដីឡូត៍ជូនប្រជាពលរដ្ឋនៅតាមប្រឡាយបាក់ទូក ប្រឡាយអូរវែង និងតំបន់ផ្លូវដែក។

លោកអភិបាលខណ្ឌឫស្សីកែវរូបនេះ បានសង្កត់ធ្ងន់ទៀតថា នេះជាកិច្ចការងារសំខាន់មួយ ដែលយើងអាចបញ្ចប់នៅតំបន់មិនរៀបរយតាមផ្លូវដែក ប្រឡាយបាក់ទូក និងប្រឡាយអាងស្ដុកទឹក ហើយបញ្ហានេះក៏យើងបានខិតខំជាមួយការយាល័យជំនាញ ពិសេសការិយាល័យដែនដីអនុវត្តតាមគោលការណ៍ចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដោយកន្លងមកយើងបានចុះបញ្ជីដីធ្លី សង្កាត់ទួលសង្កែទី១ សង្កាត់ឫស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ រហូតដល់សង្កាត់ច្រាំងចំរេះទី២ ដែលជាលទ្ធផលយើធ្វើបានល្អច្រើន តែការចូលរួមរបស់ប្រជាពលរដ្ឋជាមួយនិងមន្ត្រីវាស់វែងគឺនៅមានកំរិតនៅឡើយ។

តំបន់ខ្លះមានការចូលរួមពីប្រជាពលរដ្ឋ យើងបានវាស់វែងចប់ ដោយតំបន់និមួយៗ វាស់វែងបានចាប់ពី ៧០% ឡើងអាចប្រកាសបិទផ្សាយតំបន់វិនិច្ឆ័យបាន តែចំពោះតំបន់ខ្លះដែលបិទផ្សាយមិនទាន់បាន ដោយសារខ្វះការសហការពីប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យការវាស់វែងបានត្រឹម ៦០% ឬក្រោម ៦០% ដែលនេះជាចំណុចមួយទាមទារឱ្យអាជ្ញាធរសង្កាត់ និងរដ្ឋបាលខណ្ឌ សហការជាមួយការិយាល័យប្រកាសជូនដំណឹង និងផ្សព្វផ្សាយឱ្យបានទាន់ពេលវេលា។

លោកអភិបាលខណ្ឌថា ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ដែលក្រុមការងារខិតខំអនុវត្តនាពេលនេះបានល្អ តែទទួលផលមកវិញ មានអវិជ្ជមាន និងវិជ្ជមាន ពិសេសការប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ ក្រោយពីការកាត់ចំណីផ្លូវ និងប្រឡាយ ដែលត្រូវរួមគ្នាពិនិត្យឱ្យបានឯកភាពគ្នាជាមុនសិន ដើម្បីលើកសំណើរទៅរដ្ឋបាលរាជធានីភ្នំពេញ៕