(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា បានសហការរៀបចំ វគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានស្ដីពី «មូលដ្ឋានគ្រឹះនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា»

វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៥ថ្ងៃ រៀបចំឡើងដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកធនាគារ និងហិរញ្ញវត្ថុ ដល់អ្នកសារព័ត៌មានជាផ្នែកមួយដ៏សំខាន់ ដើម្បីបន្ដចែករំលែកដល់សាធារណជន ប្រកបដោយភាពច្បាស់លាស់។

វគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានស្ដីពី «មូលដ្ឋានគ្រឹះនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា» រៀបចំពិធីបើកនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា, លោក ប៊ុន យីន អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមធនាគារនៅកម្ពុជា, លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងលោក គា បូរាណប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

លោក គិត សុវណ្ណារិទ្ធ បានថ្លែង អបអរសារទរចំពោះការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ចំពោះវគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកសារព័ត៌មានក្នុងការចែករំលែកបន្ដ។

ការអប់រំ ការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅប្រជាពលរដ្ឋពិតជាមានសារៈសំខាន់ណាស់ ដូច្នេះបានជារាជរដ្ឋាភិបាល តាមរយៈធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ដជាច្រើន។ វគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាននេះ នឹងរួមចំណែកជួយបញ្ជ្រាបចំណេះដឹង ដល់ប្រជាពលរដ្ឋកាន់តែទូលំទូលាយ និងច្បាស់លាស់តាមរយៈការផ្សព្វផ្សាយររបស់ខ្លួន។

លោក គា បូរាណ បានថ្លែងថា វគ្គបណ្តុះបណ្តាលមិត្តអ្នកសារព័ត៌មាននេះ មានគោលបំណងលើកកម្ពស់ ការយល់ដឹងបន្ថែម លើវិស័យធនាគារ និងហិរញ្ញវត្ថុ ជូនដល់មិត្តអ្នកសារព័ត៌មាន ដើម្បីចូលរួមចំណែកឲ្យការផលិតមាតិការ មិនថាជាទម្រង់អត្ថបទសរសេរ សំឡេង ឬវីដេអូ ទៅតាមបរិបទនៃការរីកលូតលាស់ របស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។

លោកបានបន្ដថា «សារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងចែករំលែកព័ត៌មាន តាមដានព្រឹត្តិការណ៍នានា ក៏ដូចជាកញ្ចក់ឆ្លុះបញ្ចាំងទាំងចំណុចវិជ្ជមាន ឬអវិជ្ជមាន ដើម្បីជំរុញឲ្យមានការកែប្រែ និងឈានដល់ការអភិវឌ្ឍសង្គមជាតិមួយ។ នៅជ្រុងសេដ្ឋកិច្ច សារព័ត៌មានក៏រឹតតែមានតួនាទីសំខាន់ ក្នុងការចែករំលែកព័ត៌មាន ចំណេះដឹង ក៏ដូចជាការវិវត្តថ្មីៗ ដើម្បីជួយអ្នកអាន អ្នកទស្សនាធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ សម្រាប់ជីវភាពរស់នៅរបស់ពួកគេ»

លោកបញ្ជាក់ថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទទួលស្គាល់នូវតម្លៃ និងតួនាទីរបស់សារព័ត៌មាន ហើយតែងតែបានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់តួនាទីរបស់សារព័ត៌មាន ក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួន។

លោក ប៊ុន យីន បានថ្លែងឲ្យដឹងថា នេះជាលើកទី១ ដែលសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រពីសំណាក់ធនាគារជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង និងក្នុងគោលបំណង៖

១៖ បង្កើនទំនាក់ទំនងរវាងអ្នកសារព័ត៌មាន ជាមួយនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ។
២៖ លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកំពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ។
៣៖ ចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ដែលបានសម្ពោធ និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១។

លោកបានបន្ថែមថា «បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា នៅមានបញ្ហាប្រឈមមួយចំនួន ជាពិសេសការយល់ដឹង និងចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា នៅមានកម្រិតទាប លទ្ធភាពក្នុងការស្វែងយល់ពីព័ត៌មានសេវាហិរញ្ញវត្ថុជាកត្តាសំខាន់ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។ ការទទួលបានព័ត៌មានច្បាស់លាស់ និងស៊ីជម្រៅអាចជួយឲ្យ ប្រជាពលរដ្ឋកម្ពុជាយល់ដឹងពី សិទ្ធិក្នុងការប្រើប្រាស់ ជ្រើសរើស ចរចា និង ប្រាស្រ័យទាក់ទង ទាក់ទងទៅនឹងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ»

លោកបានបញ្ជាក់ថា ចំពោះវគ្គបណ្តុះបណ្តាលនេះនឹងផ្តោតសំខាន់ៗទៅលើ៖
១៖ តួនាទីរបស់ធនាគារជាតិនៃកម្ពុជា និងក្របខណ្ឌបទប្បញ្ញត្តិ។
២៖ ប្រវត្តិនៃការកកើតគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ។
៣៖ ទិដ្ឋភាពទូទៅនៃវិស័យធនាគារ និងហិរញ្ញវត្ថុ។
៤៖ ការត្រួតពិនិត្យពីសុខភាពហិរញ្ញវត្ថុ, អនុលោមភាព និងគោលការណ៍ការពារអតិថិជន, ប្រក្រតីភាព បទពិសោធន៍ និងមេរៀនពីកូវីដ១៩។
៥៖ ប្រធានបទផ្សេងៗស្តីពីវិស័យធនាគារ និងហិរញ្ញវត្ថុ។

លោក ប៉ែន បូណា បានថ្លែងឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ សម្រាប់អ្នកសរសេរព័ត៌មានសេដ្ឋកិច្ចនៅកម្ពុជាក្នុងការពង្រឹងចំណេះដឹងរបស់ខ្លួន លើវិស័យធនាគារ និងហិរញ្ញវត្ថុនេះ។

លោកបញ្ជាក់ថា ចំពោះវគ្គបណ្ដុះបណ្ដាលនេះ ពិតជាដើរតួនាទីសំខាន់ សម្រាប់អ្នកសារព័ត៌មាន ក្នុងការបន្ដផ្សព្វផ្សាយ ដល់សាធារណជន ព្រោះថា រាល់ព័ត៌មានដែលអ្នកសារព័ត៌មាន មិនបានយល់ច្បាស់នោះទេ នោះមិនអាចសរសេររឿងប្រាប់ ដល់សាធារណជនឲ្យយល់បាននោះឡើយ៕