(ព្រះសីហនុ)៖ ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៉ី ហៅកាត់ Tourism Malaysia បានចូលរួមផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍សុវត្ថិភាពក្នុងប្រទេសរបស់ខ្លួន នៅក្នុងឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ក្នុងនោះម៉ាឡេស៉ីបានរៀបចំស្ដង់ពិព័រណ៍មួយនៅក្នុងសាលធំនៃសណ្ឋាគារឆ្នេរសុខា។

ការចូលរួមផ្សព្វផ្សាយខាងលើនេះដឹកនាំដោយលោក Datuk Wira អគ្គលេខាធិការនៃក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី លោក Dr. Noor Zari Hamat រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី លោក Datuk Musa Yusof អគ្គនាយករងទទួលបន្ទុកផ្សព្វផ្សាយនៃទេសចរណ៍ម៉ាឡេស៊ី និងមានតំណាងមកពី Sabah Tourism Board, Malaysia Convention & Exhibition Bureau (MyCEB), Malaysia Healthcare Travel Council (MHTC) និងមជ្ឈមណ្ឌលទេសចរណ៍ឥស្លាម (ITC)។

កម្មវិធីសំខាន់មួយក្នុងចំណោមកម្មវិធីសំខាន់ៗដែលម៉ាឡេស៊ីចូលរួមគឺ ATF TRAVEX ដែលជាវេទិកាសំខាន់សម្រាប់ភ្ជាប់បណ្តាញជាមួយអ្នកទិញពាណិជ្ជកម្មអន្តរជាតិ និងកិច្ចប្រជុំធុរកិច្ច ដែលបានធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២ ដែលត្រូវបានបង្កើតជាវេទិកាពិសេស និងឯកទេសសម្រាប់អ្នកផ្គត់ផ្គង់នៃផលិតផលនិងសេវាកម្មទេសចរណ៍អាស៊ាន និងអ្នកទិញដែលមានសមត្ថភាពមកពីជុំវិញពិភពលោកមកជួបតាមរយៈការណាត់ជួបទុកជាមុន។

លោក Datuk Musa Yusof នឹងធ្វើបទបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយនៅឯសន្និសីទសារព័ត៌មាន NTO Media នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៉ីក៏បានរៀបចំពិសាអាហារថ្ងៃត្រង់ ពិសេសជាមួយភ្នាក់ងារទេសចរណ៍នៅថ្ងៃទី១៧ ខែមករា ដើម្បីជំរុញឱ្យមានការគាំទ្រពីសមភាគីរបស់ខ្លួនក្នុងការលើកកម្ពស់គោលដៅទេសចរណ៍ម៉ាឡេស៊ីឱ្យនាំមុខគេ និងជាគោលដៅសុវត្ថិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កិច្ចប្រជុំនេះក៏មានតួនាទីធ្វើបច្ចុប្បន្នភាពដៃគូអំពីស្ថានភាពចុងក្រោយបង្អស់របស់ប្រទេសម៉ាឡេស៊ី ក៏ដូចជាផលិតផលទេសចរណ៍ និងការអភិវឌ្ឍផងដែរ។

ការចូលរួមរបស់ទេសចរណ៍ម៉ាឡេស៊ីនៅក្នុងព្រឹត្តិការណ៍ ATF 2022 គឺមានគោលបំណងផ្តល់ជូនអ្នកជំនាញលើឧស្សាហកម្មទេសចរណ៍មកពីជុំវិញតំបន់អាស៊ីអាគ្នេយ៍ ដើម្បីទទួលបានព័ត៌មានចុងក្រោយអំពីការធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ជាពិសេសបន្ទាប់ពីការប្រកាសនាពេលថ្មីៗនេះ អំពីកិច្ចប្រជុំទេសចរណ៍អន្តរជាតិដំបូងបង្អស់របស់ម៉ាឡេស៊ីទៅកាន់ទីក្រុងលង្កាវី ដែលបានបើកទ្វារនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Dr. Noor Zari Hamat រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី បានឱ្យដឹងថា ប្រទេសម៉ាឡេស៉ីបានរៀបចំទីតាំងកោះលង្កាវី (Langkawi) ជាគោលដៅសុវត្ថិភាពសម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិ។ ភ្ញៀវទេសចរអន្តរជាតិដែលចង់ទៅទស្សនាប្រទេសម៉ាឡេស៉ី ជាដំបូងត្រូវចូលទស្សនានៅកោះលង្កាវីនេះរយៈពេល៧ថ្ងៃជាមុនសិន បន្ទាប់ពីផុតរយៈពេល៧ថ្ងៃនេះ ហើយគ្មានផ្ទុកជំងឺកូវីដ១៩ ភ្ញៀវទេសចរទាំងនោះនឹងអាចចេញដើរកម្សាន្តបានទូទាំងប្រទេសម៉ាឡេស៉ីបានដោយសុវត្ថិភាព។

គួរជម្រាបថា កោះលង្កាវីមានប្រជុំកោះតូចធំជិត១០០កោះ ស្ថិតនៅចន្លោះរវាងច្រកសមុទ្រម៉ាឡាកា ចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីឆ្នេរភាគពាយព្យនៃប្រទេសម៉ាឡេស៉ី។ ប្រជុំកោះនេះជាផ្នែកមួយនៃរដ្ឋខេដាហ៍ (Kedah) ដែលនៅជាប់នឹងព្រំដែនថៃ៕